ព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ព្រះអង្គជា្របច្បាស់ត្រៃលោក គួរទទួលនូវគ្រឿងបូជា ជាអ្នកដឹកនាំសត្វលោក មានព្យាយាម មានបា្រជ្ញាចាស់ ជាអ្នកប្រាជ្ញ ទ្រង់ជ្រាបច្បាស់នូវសម័យ ស្តេចយាងចូលមកជិតព្រះសម្ពុទ្ធ ទ្រង់កាន់បាត្រ ស្តេចចូលមកដើម្បីភិក្ខា។ (ខ្ញុំបានឃើញ) នូវព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ មានព្យាយាមធំ ទ្រង់ស្តេចចូលមកហើយ ក៏ក្រាលកម្រាលស្មៅ ហើយរោយរាយដោយផ្កាឈើ។ ខ្ញុំមានចិត្តតក់ស្លុត មិនអាចតាំងនៅបាន ក៏និមន្តព្រះសម្ពុទ្ធឲ្យគង់ ហើយឡើងភ្នំយ៉ាងឆាប់ កាន់យកនូវខ្លឹមក្រឹស្នា។ ខ្ញុំបានបេះយកផ្លែខ្នុរប៉ុនឆ្នាំង មានក្លិនក្រអូប ជាទីរីករាយនៃទេវតា ហើយលើកលី នាំចូលទៅថ្វាយព្រះលោកនាយក។ លុះខ្ញុំថ្វាយផ្លែខ្នុរ ចំពោះព្រះពុទ្ធរួចហើយ លាបនូវខ្លឹមក្រឹស្នា ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយបង្គំព្រះពុទ្ធដ៏ប្រសើរ។ ព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ព្រះអង្គជា្របច្បាស់ត្រៃលោក គួរទទួលនូវគ្រឿងបូជា ទ្រង់គង់ក្នុងកណ្តាលពួកឥសី ហើយត្រាស់គាថាទាំងនេះថា