បុគ្គល​ណា​បាន​ឲ្យ​ផ្លែ​ខ្នុរ ខ្លឹម​ក្រឹស្នា និង​អាសនៈ ដល់​តថាគត ៗ នឹង​សរសើរ​បុគ្គល​នោះ អ្នក​ទាំងឡាយ​ចូរ​ស្តាប់ តថាគត​នឹង​សម្តែង​ដូចតទៅ​នេះ បុគ្គល​នេះ កាល​នៅក្នុង​ស្រុក​ក្តី ក្នុង​ព្រៃ​ក្តី ក្នុង​ញកភ្នំ​ក្តី ក្នុង​គុហា​ក្តី ភោជន​នឹង​កើតឡើង ព្រោះ​ដឹងចិត្ត​របស់​បុគ្គល​នេះ នរៈ​នេះ បើ​ទៅ​កើត​ក្នុង​ទេវលោក ឬមនុស្សលោក នឹង​ឆ្អែត​ស្កប់ស្កល់​ដោយ​ភោជន​ផង ដោយ​សំពត់​ផង នរៈ​នេះ បើ​អន្ទោល​ទៅកាន់​កំណើត​ណា ទោះជា​ទេវតា ឬជា​មនុស្ស នឹងជា​អ្នកមាន​ភោគៈ មិន​រំភើបញាប់ញ័រ។ នឹង​ត្រេកអរ​ក្នុង​ទេវលោក អស់ ៣ ម៉ឺន​កប្ប នឹង​បាន​ជា​សេ្តច​ចក្រពត្តិ​មួយ​ពាន់​ដង។ នឹង​បាន​សោយរាជ្យ​ជា​ស្តេច​ទេវតា ៧១ ដង នឹង​បាន​សោយ​ប្រទេស​រាជ្យ​ដ៏​ធំ​ទូលាយ រាប់​បាន​មួយ​អសង្ខេយ្យ​កប្ប កន្លងទៅ​មួយ​សែន​កប្ប នឹង​មាន​ព្រះ​សាស្តា ព្រះនាម​គោតម កើត​ក្នុង​ត្រកូល​ព្រះបាទ​ឱក្កា​ករាជ ត្រាស់​ដឹង​ក្នុង​លោក នរៈ​នេះ នឹង​បាន​ទទួល​មត៌ក​ក្នុង​ធម៌​របស់​ព្រះពុទ្ធ​នោះ ជា​ឱរស​ដែល​ធម៌​និម្មិត​ហើយ មាន​នាម​ឧប​សី​វៈ នឹង​បាន​ជា​សាវ័ក​នៃ​ព្រះ​សាស្តា។
ថយ | ទំព័រទី ២៣៩ | បន្ទាប់