ខ្ញុំ​លុះ​ឮសូរ​ព្រះបាទ​នៃ​ព្រះ​សុមេធ​សម្ពុទ្ធ​ជាម​ហេ​សី ក៏បាន​ងាកក្បាល រមិលមើល​ព្រះ​មហាមុនី។ ព្រះសម្មាសម្ពុទ្ធ ទ្រង់​មាន​ព្យាយាម​ធំ សេ្តច​បាន​ចូល​មក​ជិត​ខ្ញុំ ខ្ញុំ​ក៏​មាន​បីតិ​កើតឡើង គ្រានោះ ខ្ញុំ​ឃើញ​ព្រះ​លោកនាយក​នោះ​ហើយ ជា​អ្នកមាន​ចិត្ត​តាំងនៅ​ក្នុង​អារម្មណ៍​តែមួយ។ ខ្ញុំ​ត្រឡប់​បាន​ស្មារតី​វិញ បាន​ប្រគេន​ស្លឹកឈើ​មួយ​ក្តាប់ ព្រះមានព្រះភាគ មាន​បញ្ញាចក្ខុ ទ្រង់​គង់​ក្នុង​ទីនោះ​ដោយ​សេចក្តី​អនុគ្រោះ។
 ព្រះ​សុមេធ​សម្ពុទ្ធ​មានជោគ ជា​លោកនាយក លុះ​គង់​ក្នុង​ទីនោះ​ហើយ ទ្រង់​សម្តែង​ធម៌​ជា​គ្រឿង​បន្ទោបង់​នូវ​សរ គឺ​សេចក្តី​សោក​របស់ខ្ញុំ​ថា សត្វ​ទាំងឡាយ មក​អំពី​ភព​នោះ ក៏​អ្នក​មិនបាន​ហៅ​មក ដល់ទៅ​អំពី​ភព​នេះ​វិញ ក៏​អ្នក​មិនបាន​អនុញ្ញាត​ឲ្យ​ទៅ គេ​មក​យ៉ាងណា គេ​ក៏​ទៅ​យ៉ាងនោះ ការ​ខ្សឹកខ្សួល​ទៅ​រក​ជន​ទាំងនោះ​ធ្វើអ្វី។ ពួក​សត្វស្លាប​ទាំងឡាយ កាល​ភ្លៀង​បង្អុរ​ចុះ ក៏​នាំគ្នា​ហើរ​ចូល​ព្រោះ​ចំណី​របស់​ខ្លួន សត្វ​ទាំងនោះ ហើរ​ចូល​ទៅ​ត្រឹមតែ​ភ្លៀង​កំពុង​ធ្លាក់ចុះ។
ថយ | ទំព័រទី ១៩៨ | បន្ទាប់