បពិត្រ​ព្រះអង្គ​ទ្រង់​ធ្វើ​នូវ​ពន្លឺ ទ្រង់​កំចាត់​បង់​ងងឹត បើ​ព្រះអង្គ​ជា​ព្រះពុទ្ធ​មែន បពិត្រ​ព្រះអង្គ​ជា​ទេវតា ខ្ញុំ​នឹង​នមស្ការ​ព្រះអង្គ ព្រះអង្គ​ធ្វើ​នូវ​ព្រះនិព្វាន ជាទីបំផុត​នៃ​ទុក្ខ។
 ទើប​ខ្ញុំ​ក្រាល​ស្បែក​ខ្លា​ជា​កម្រាល ហើយ​អារាធនា​ថា បពិត្រ​ព្រះអង្គ​ជា​សព្វញ្ញូ សូម​ព្រះអង្គ​គង់​លើ​កម្រាល​នោះ​ចុះ ខ្ញុំ​នឹង​បម្រើ​ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់​គង់​លើ​ស្បែក​ខ្លា​នោះ ដែល​ខ្ញុំ​ក្រាល​ល្អ​ហើយ ខ្ញុំ​និមន្ត​ព្រះសម្ពុទ្ធ​រួចហើយ ក៏​ដើរចូល​ទៅ​ក្នុង​ព្រៃភ្នំ។ ខ្ញុំ​ញុំាង​ភារៈ​គឺ​អម្រែក​ឲ្យ​ពេញ​ហើយ ទៅ​នាំ​យក​ផ្លែ​ទន្លាប់ ថ្វាយ​ផ្លែ​ទន្លាប់​ចំពោះ​ព្រះសម្ពុទ្ធ លាយ​ដោយ​ទឹកឃ្មុំ។ គ្រានោះ កាល​ខ្ញុំ​សម្លឹង​មើល ព្រះ​ជិន​សិរី​ក៏​ទ្រង់​សោយ ខ្ញុំ​កំពុង​សម្លឹង​មើល​ព្រះ​លោកនាយក ញុំាង​ចិត្ត​ឲ្យ​ជ្រះថ្លា ក្នុង​ព្រះ​លោកនាយក​នោះ។
 ព្រះ​បទុមុ​ត្ត​រៈ ជា​លោកវិទូ ទ្រង់​គួរ​ទទួល​នូវ​គ្រឿងបូជា សេ្តច​គង់នៅ​នា​អាស្រម​របស់ខ្ញុំ ហើយ​ត្រាស់​គាថា​ទាំងនេះ​ថា បុគ្គល​ណា ជ្រះថ្លា ឲ្យ​តថាគត​ឆាន់​ផ្លែឈើ​ដោយដៃ​របស់​ខ្លួន តថាគត នឹង​សរសើរ​បុគ្គល​នោះ អ្នក​ទាំងឡាយ ចូរ​ស្តាប់ តថាគត​នឹង​សម្តែង​ដូចតទៅ​នេះ។
ថយ | ទំព័រទី ២១៧ | បន្ទាប់