បុគ្គល​នោះ នឹង​បាន​សោយរាជ្យ ជា​ស្តេច​ទេវតា អស់ ២៥ ដង នឹង​បាន​ជា​ស្តេច​ចក្រពត្តិ មួយ​ពាន់​ដង។ បាយ ទឹក សំពត់ និង​ទីដេក ដ៏​មាន​ថ្លៃ​ច្រើន ប្រកប​ហើយដោយ​បុញ្ញកម្ម ហាក់ដូច​ដឹង​បំណង​របស់​បុគ្គល អ្នក​ប្រកបដោយ​បុព្វកម្ម នឹង​កើតឡើង​ក្នុងខណៈនោះ។ បុគ្គល​នេះ នឹង​រីករាយ ជា​អ្នក​មិន​មាន​រោ​គសព្វៗ កាល។ បុគ្គល​នេះ បើ​ទៅកាន់​កំណើត​ណា ទោះជា​ទេវតា ឬជា​មនុស្ស នឹងជា​អ្នក​ដល់​នូវ​សេចក្តី​សុខ ក្នុង​ទី​ទាំងពួង។ បុគ្គល​នោះ នឹងជា​អ្នក​ស្វាធ្យាយមន្ត ចេះចាំ​មន្ត ដល់​នូវ​ត្រើយ​នៃ​ត្រៃវេទ នឹង​បាន​ចូល​ទៅ​គាល់​ព្រះសម្ពុទ្ធ​ហើយ នឹង​បាន​ជា​ព្រះអរហន្ត។
 ខ្ញុំ​រលឹក​ឃើញ​នូវ​ខ្លួន​ក្នុង​កាលណា ដល់​នូវ​ភាពជា​អ្នកដឹង​ក្តី​ក្នុង​កាលណា កាលនោះ ខ្ញុំ​មិន​មាន​សេចក្តី​ខ្វះខាត​ដោយ​ភោគៈ​ឡើយ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​ផ្លែ​ទន្លាប់។ ខ្ញុំ​បាន​ដល់​នូវ​ធម៌​ដ៏​ប្រសើរ គាស់រំលើង​នូវ​រាគៈ ទោសៈ មោហៈ ហើយ​អស់​អាសវៈ​ទាំងពួង​ហើយ ឥឡូវនេះ ភព​ថ្មី​មិន​មាន​ទៀត​ទេ។
ថយ | ទំព័រទី ២១៨ | បន្ទាប់