អ្នក​បំពេញ​កិច្ច​នោះ​ចំពោះ​ព្រះសយម្ភូ ទ្រង់​ស្វែងរក​នូវ​គុណ​ដ៏​ធំ​ហើយ អ្នក​នៅក្នុង​សំណាក់​នៃ​ព្រះ​មុនី ក្នុង​កាលណា អ្នក​នឹង​បាន​ឈ្មោះថា បុណ្ណ​កៈ ក្នុង​កាលនោះ។ លុះ​ខ្ញុំ​ច្យុត​ចាក​កាយ​នោះ​ហើយ ក៏បាន​ទៅ​កើត​ក្នុង​ទេវលោក ក្លិន​ជា​ទិព្វ​បង្អុរ​ចុះពី​អាកាស ត្រង់កន្លែង​ដែល​ខ្ញុំ​នៅ​នោះ។ កាលនោះ ឈ្មោះ​របស់ខ្ញុំ​ថា​បុណ្ណ​កៈ ក្នុង​ទីនោះ ខ្ញុំ​កើតជា​ទេវតា ឬជា​មនុស្ស តែង​បំពេញ​សេចក្តី​បំណង​បាន។ នេះ​សរីរៈ​ជាទីបំផុត​របស់ខ្ញុំ ភព​ជាទីបំផុត កំពុង​ប្រព្រឹត្តទៅ សូម្បី​ក្នុង​អត្តភាព​នេះ គង់​អ្នកផង​ប្រកាស​នាម (របស់ខ្ញុំ) ថា​បុណ្ណ​កៈ។ ខ្ញុំ​បាន​ញុំាង​ព្រះសម្ពុទ្ធ ព្រះនាម​គោតម ជាស​ក្យៈ​ដ៏​ប្រសើរ ឲ្យ​ត្រេកអរ ខ្ញុំ​កំណត់​ដឹង​អាសវៈ​ទាំងពួង ជា​អ្នក​មិន​មាន​អាសវៈ។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើកុសល​កម្ម ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​បូជា​សរីរ​សព​នោះ​ឯង។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងពួង ខ្ញុំ​គាស់រំលើង​ចោល​ហើយ ជា​អ្នក​មិន​មាន​អាសវៈ ដូច​ដំរី​ផ្តាច់​ខ្សែ​ទន្លីង។
ថយ | ទំព័រទី ២២១ | បន្ទាប់