ខ្ញុំ​នោះ បានសម្រេច​នូវ​តបកម្ម ខ្ញុំ​ដល់​នូវ​ការសម្រេច​ក្នុង​កម្លាំង​របស់​ខ្លួន ជា​អ្នកក្លាហាន ក្នុង​ភាព​នៃ​ខ្លួន​ជា​សមណៈ ជា​អ្នកមាន​ព្យាយាម ដុត​បំផ្លាញ​កិលេស មាន​ប្រាជ្ញា​ចាស់ ជា​អ្នកប្រាជ្ញ ជា​អ្នក​ក្លៀវក្លា​ក្នុង​លទ្ធិ​របស់​ខ្លួន វាងវៃ​ក្នុង​វាទៈ​របស់​បុគ្គល​ដទៃ មួយទៀត ជា​អ្នក​តាំងនៅ​លើ​ផែនដី និង​អាកាស​បាន វាងវៃ​ក្នុង​ឧបា​ទវ​យធម៌។ ខ្ញុំ​ប្រាសចាក​សេចក្តី​សោក មិន​មានការ​ប្រណាំងប្រជែង មាន​អាហារ​តិច មិន​មាន​សេចក្តី​ប្រាថ្នា ជា​អ្នក​ត្រេកអរ​ដោយ​លាភ និង​អលាភ មាន​ឈាន ត្រេកអរ​ក្នុង​ឈាន ជា​អ្នកប្រាជ្ញ។ កាលនោះ ព្រះសម្ពុទ្ធ ព្រះនាម​បិយ​ទស្សី ជា​អ្នកប្រាជ្ញ​ដ៏​ប្រសើរ ប្រកបដោយ​ករុណា ព្រះអង្គ​ប្រាថ្នា​ដើម្បី​ចម្លង​នូវ​សត្វ​ទាំងឡាយ ទ្រង់​ផ្សាយ​ព្រះទ័យ​ករុណា។ ព្រះ​មហាមុនី ព្រះនាម​បិយ​ទស្សី ទ្រង់​ឃើញ​នូវ​ជន​ដែល​គួរឲ្យ​ត្រាស់​ដឹង ព្រះអង្គ​ជា​អ្នកប្រាជ្ញ ជា​អ្នកឲ្យឱវាទ សេ្តច​ទៅ​ក្នុង​ចក្រវាឡ​មួយ​ពាន់។ ព្រះអង្គ​មានប្រាថ្នា​ស្រោចស្រង់​ខ្ញុំ ស្តេច​យាង​ចូល​ទៅកាន់​អាស្រម​របស់ខ្ញុំ ព្រះ​ជិនស្រី ខ្ញុំ​មិនដែល​ឃើញ ទាំង​មិនធ្លាប់​បានឮ អំពីសំណាក់​អ្នកណាមួយ ក្នុង​កាលមុន​ឡើយ។
ថយ | ទំព័រទី ២៤៥ | បន្ទាប់