ម្នាលអ្នកមានបុណ្យច្រើន អ្នកចូរជាបុគ្គលដល់នូវសេចក្តីសុខចុះ គតិរបស់អ្នក ចូរសម្រេចចុះ អ្នកចូរបាននូវសេចក្តីសុខដ៏ធំទូលាយ ដោយការឲ្យនូវក្រអៅឈូកនេះចុះ។ ព្រះសម្មាសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ លុះទ្រង់ត្រាស់អនុមោទនានេះហើយ ព្រះជិនស្រីសម្មាសម្ពុទ្ធ ទ្រង់ទទួលភិក្ខា ហើយសេ្តចមកតាមផ្លូវអាកាស។ ខ្ញុំបានកាន់យកក្រអៅឈូកអំពីទីនោះ ហើយមកអាស្រមរបស់ខ្ញុំ ខ្ញុំបានព្យួរក្រអៅឈូកលើមែកឈើ ហើយនឹកនូវទានរបស់ខ្ញុំ។ គ្រានោះ ខ្យល់ធំបានតាំងឡើង ហើយញុំាងព្រៃឲ្យញាប់ញ័រ អាកាសក៏បន្លឺឡើងដោយសំឡេងរន្ទះបាញ់។ ក្នុងកាលនោះ អសនិបាតធ្លាក់ត្រូវក្បាលខ្ញុំ ខ្ញុំនោះកំពុងអង្គុយ ក៏ធ្វើមរណកាលក្នុងទីនោះ។ ខ្ញុំប្រកបដោយបុញ្ញកម្ម ហើយបានទៅកើតក្នុងឋានតុសិត សាកសពរបស់ខ្ញុំធ្លាក់ចុះ ខ្ញុំត្រេកអរក្នុងទេវលោក។