ខ្ញុំមានអាសយធម៌ ត្រូវមិច្ឆាទិដ្ឋិកម្ចាត់បង់ (ព្រោះជឿ) តាមពាក្យអចេលឈ្មោះគុណៈ ក៏ឡើងកាន់ផ្លូវនរក មិនបានកាន់យកឱវាទរបស់នាងរុចា ជាធីតានៃខ្ញុំ លុះបាននារទព្រហ្មមកប្រៀនប្រដៅ ដោយវិធីច្រើនយ៉ាង ក៏បានស្ងប់រម្ងាប់ ហើយលះបង់ទិដ្ឋិអាក្រក់ចោលចេញ។ ខ្ញុំបានបំពេញកម្មបថទាំង ១០ ដោយវិសេស លុះលះបង់រាងកាយរបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានសួគ៌ ដូចជានៅក្នុងលំនៅរបស់ខ្លួន។ លុះដល់បច្ឆិមភព ខ្ញុំជាអ្នកមានផៅពង្សដ៏ប្រសើរ គឺកើតក្នុងត្រកូលព្រាហ្មណ៍ ក្នុងក្រុងពារាណសី ជាក្រុងទូលាយ។ ខ្ញុំត្រូវមច្ចុ ព្យាធិ និងជរាមកគ្របសង្កត់ហើយ បានចូលទៅក្នុងព្រៃមហាវ័ន ស្វែងរកផ្លូវព្រះនិព្វាន ហើយក៏ចូលបួសក្នុងពួកជដិល។ គ្រានោះ ប្អូនរបស់ខ្ញុំទាំង ២ នាក់ ក៏បួសជាមួយនឹងខ្ញុំដែរ ខ្ញុំបានកសាងអាស្រម នៅក្នុងឧរុវេលប្រទេស។