បពិត្រ​ព្រះអង្គ​ជាធំ​ជាង​សត្វ​ជើង​ពីរ ជាធំ​ក្នុង​លោក ប្រសើរ​ជាង​ពួក​នរៈ ខ្ញុំ​ទៅ​កើត​ក្នុង​ឋាន​តុសិត ដោយ​កម្ម​នោះ នេះ​ជា​ផល​នៃ​ភិក្ខា​មួយ​ចំអែត។ ពន្លឺ​រមែង​មានដល់​ខ្ញុំ ទាំង​ថ្ងៃ​ទាំង​យប់​សព្វៗកាល ខ្ញុំ​ផ្សាយ​ពន្លឺ​ទៅកាន់​ទី ១០០ យោជន៍ ដោយ​ជុំវិញ។ ក្នុង​កប្ប​ទី ៥៥ ខ្ញុំ​បាន​ជា​ស្តេច​ចក្រពត្តិ ឈ្នះ​សង្រ្គាម មាន​សមុទ្រ​ទាំង ៤ ជា​ព្រំប្រទល់ ជាធំ​ក្នុង​មណ្ឌល​នៃ​ជម្ពូទ្វីប។ ក្នុង​កាលនោះ នគរ​របស់ខ្ញុំ សម្បូណ៌​កុះករ​ដែល​វិស្សុកម្ម​និម្មិត​ល្អ​ហើយ ទីក្រុង​នោះ មាន​បណ្តោយ​ប្រវែង ៣០ យោជន៍ ទទឹង​ប្រវែង ២០ យោជន៍ ទីក្រុង​នោះ ឈ្មោះ​សោភនៈ ដែល​វិស្សុកម្ម​និម្មិត​ហើយ ជាទី​ស្ងប់ស្ងាត់​ចាក​សំឡេង​ទាំង ១០ ប្រការ ប្រកបដោយ​ភ្លេង​ប្រគំ​ដ៏​ពីរោះ។ ក្នុង​នគរ​នោះ មិន​មាន​វលិ្ល ឈើ ដីស្អិត មាន​របស់​សុទ្ធតែ​មាស​ទាំងអស់ រុងរឿង​អស់​កាល​ជានិច្ច។
ថយ | ទំព័រទី ១៤២ | បន្ទាប់