កាលនោះ ព្រះ​សរ​ណា​លយ​សម្ពុទ្ធ ទ្រង់​ជ្រាប​អធ្យាស្រ័យ​ដ៏​ធំ​របស់ខ្ញុំ ទ្រង់ព្យាករ​ថា អ្នក​ទាំងឡាយ ចូរ​មើល​នូវ​ឥសី​ដ៏​ប្រសើរ​នេះ មាន​ស្បែក​ដូច​មាស មិន​មានមន្ទិល មាន​រោម​ខ្ពស់ និង​សាច់​ពេញលេញ ឈរ​ផ្គង​អញ្ជលី​មិន​កម្រើក មាន​សេចក្តី​រីករាយ មាន​ភ្នែក​ពេញ​ល្អ មាន​អធ្យាស្រ័យ​ស្លុង​ចុះ ក្នុង​ការ​ពណ៌នា​នូវ​ពុទ្ធគុណ ជា​អ្នក​កើតអំពី​ធម៌ មាន​ហឫទ័យ​ខ្ពស់ ហាក់ដូចជា​ស្រោចស្រព​ដោយ​ទឹកអម្រឹត។
 បពិត្រ​ព្រះ​មហាមុនី លុះ​ខ្ញុំ​ឈរ​ស្តាប់​នូវ​គុណ​របស់​ព្រះ​កច្ចា​នភិ​ក្ខុ​ហើយ ក៏​ប្រាថ្នា​នូវ​តំណែង​នោះ ក្នុង​សាសនា​នៃ​ព្រះ​គោតម ក្នុង​កាល​ជា​អនាគត។ (ព្រះ​បទុមុ​ត្ត​រៈ​ទ្រង់ព្យាករ​ថា) តាបស​នេះ នឹង​បាន​ជា​ធម្ម​ទាយាទ ជា​ឱរស​របស់​ព្រះ​គោ​គម​នោះ ជា​ធម្ម​និម្មិត មាន​នាម​ថា​កច្ចា​នភិ​ក្ខុ ជា​សាវ័ក​របស់​ព្រះ​សាស្តា។ កច្ចា​នភិ​ក្ខុ​នោះ នឹង​បាន​ជា​ពហុស្សូត មាន​ញាណ​ដ៏​ប្រសើរ ជា​អ្នកប្រាជ្ញ ដឹង​នូវ​សេចក្តី​អធិប្បាយ នឹង​ដល់​នូវ​តំណែង​នោះ ដូចជា​តថាគត​ព្យាករ​ហើយ​នេះ។
ថយ | ទំព័រទី ២៨៨ | បន្ទាប់