ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ មាន​មហាបុរស សម្ភព​ក្នុង​ត្រកូល​ស្តេច​ឱក្កា​កៈ នឹង​បាន​ជា​សាស្តា​ក្នុង​លោក ព្រះនាម​គោតម។ ព្រាហ្មណ៍​នេះ នឹង​បាន​ជា​ឱរស​ដែល​ព្រះធម៌​និម្មិត ជា​អ្នកទទួល​មត៌ក ក្នុង​ធម៌​របស់​ព្រះ​គោតម​នោះ ជា​សាវ័ក​របស់​ព្រះ​សាស្តា មាន​នាម​ថា រេ​វតៈ។
 ដោយ​អំពើ​ដែល​ខ្ញុំ​ធ្វើល្អ​នោះ​ផង ដោយ​កា​រតំ​កល់​ទុក​ចេតនា​នោះ​ផង លុះ​ខ្ញុំ​លះបង់​រាងកាយ​របស់​មនុស្ស​ហើយ បាន​ទៅ​កើត​ក្នុង​ឋាន​តាវត្តិង្ស។ ក្នុង​បច្ឆិមភព ឥឡូវនេះ ខ្ញុំ​កើត​ក្នុង​ត្រកូល​ក្សត្រ ជា​ត្រកូល​សម្បូណ៌ ស្តុកស្តម្ភ​ទូលាយ មានទ្រព្យ​ច្រើន នៅក្នុង​ក្រុង​កោ​លិយៈ។ កាលណា ព្រះពុទ្ធ​ទ្រង់​សម្តែង​ធម៌ ក្នុង​ក្រុង​កបិលវត្ថុ កាលនោះ ខ្ញុំ​ជ្រះថ្លា​ចំពោះ​ព្រះ​សុគត ហើយ​ចូល​ទៅកាន់​ផ្នួស។ ខ្ញុំ​មាន​សេចក្តី​សង្ស័យ​ច្រើន ក្នុង​វត្ថុ​គួរ និង​មិន​គួ​រនោះៗ ព្រះពុទ្ធ​សម្តែង​ធម៌​ដ៏​ឧត្តម កំចាត់​បង់​នូវ​សេចក្តី​សង្ស័យ​ទាំងអស់​នោះ​បាន។
ថយ | ទំព័រទី ៣៦៣ | បន្ទាប់