ព្រះ​ជិនស្រី​នោះ ព្រះអង្គ​ដល់​នូវ​ទីបំផុត​នៃ​លោក ក្នុង​លោក ទ្រង់​ញុំាង​ឈូក​គឺ​វេនេយ្យសត្វ ឲ្យ​ពេញចិត្ត​ដោយ​រស្មី​ទាំងឡាយ ឲ្យ​ត្រាស់​ដឹង​ដោយ​ពាក្យ (របស់​ព្រះអង្គ)។ ព្រះអង្គ​បរិបូណ៌​ដោយ​វេ​សា​រជ្ជ​ធម៌​ទាំង ៤ ជា​បុរស​ដ៏​ឧត្តម មាន​ភ័យ និង​សេចក្តី​កោតញញើត​លះបង់​ហើយ ទ្រង់​ដល់​នូវ​ទី​ដ៏​ក្សេម ជា​អ្នក​ក្លៀវក្លា។ ព្រះអង្គ​ជា​បុគ្គល​ប្រសើរ​ក្នុង​លោក ទ្រង់​ប្តេជ្ញា​នូវ​ពុទ្ធភូមិ ដែល​ជាទី​ដ៏​ប្រសើរ​ថ្លៃថ្លា​ទាំងអស់ ព្រះអង្គ​គ្មាន​បុគ្គល​ណាមួយ​ដាស់តឿន​ឡើយ។ កាល​ព្រះអង្គ​ជាតា​ទិ​បុគ្គល បន្លឺ​នូវ​សីហនាទ ឥតមាន​ញញើត មិន​មាន​ទេវតា និង​នរជន ឬព្រហ្ម​ពោលតប​តបាន​ឡើយ។ ព្រះអង្គ​កាល​សម្តែង​ធម៌​ដ៏​ប្រសើរ ញុំាង​មនុស្ស ព្រមទាំង​ទេវតា​ឲ្យ​ឆ្លង (នូវ​វដ្តៈ​ទាំង ៣) ញុំាង​ធម្មចក្រ ឲ្យ​ប្រព្រឹត្តទៅ ទ្រង់​ជា​អ្នក​ក្លៀវក្លា​ក្នុង​បរិស័ទ។ ព្រះអង្គ​ប្រកាស​នូវ​គុណ​ដ៏​ច្រើន នៃ​សាវ័ក​មួយ​រូប ដ៏​ប្រសើរ​ជាង​ពួក​លោកមា​នប​ដិ​ភាណ ដែលគេ​សន្មត​ថា​ជា​សប្បុរស ហើយ​តាំង​សាវ័ក​នោះ ក្នុង​ទី​ជា​ឯតទគ្គៈ។
ថយ | ទំព័រទី ៣៧៤ | បន្ទាប់