កាលនោះ ខ្ញុំ​កើតជា​ព្រាហ្មណ៍​ឈ្មោះ​វង្គី​សៈ នៅក្នុង​នគរ​ហង្ស​វតី ចេះ​ចប់​នូវ​វេទ​សព្វគ្រប់ គេ​សន្មត​ថា​ជា​សប្បុរស ជា​អ្នក​បង្ហូរ​នូវ​ពាក្យ​ប្រៀនប្រដៅ។ ខ្ញុំ​បាន​ចូល​ទៅ​ជិត​ព្រះអង្គ​មាន​ព្យាយាម​ធំ ហើយ​ស្តាប់ធម៌​ទេសនា បាន​នូវ​បីតិ​ដ៏​ប្រសើរ ក៏​ត្រេកអរ​ក្នុង​គុណ​នៃ​សាវ័ក។ កាលនោះ ខ្ញុំ​និមន្ត​ព្រះ​សុគត ព្រមទាំង​ព្រះសង្ឃ ដែល​ជា​អ្ន​កញុំាង​សត្វលោក​ឲ្យ​ត្រេកអរ មក​ឆាន់​អស់ ៧ ថ្ងៃ ហើយ​ឲ្យ​គេ​បិទបាំង​ដោយ​សំពត់​ទាំងឡាយ។ ខ្ញុំ​បាន​ក្រាប​ក្បាល​ទៀប​ព្រះ​បាទា (នៃ​ព្រះអង្គ) លុះ​ព្រះអង្គ​បើកឱកាសឲ្យ​ខ្ញុំ​ហើយ ខ្ញុំ​បាន​ធ្វើ​នូវ​អញ្ជលី ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ មានចិត្ត​ត្រេកអរ សរសើរ​នូវ​ព្រះ​ជិនស្រី​ដ៏​ឧត្តម​ថា បពិត្រ​ព្រះអង្គ ទ្រង់​បង្ហូរ​នូវ​ពាក្យ​ប្រៀនប្រដៅ ខ្ញុំ​សូម​ថ្វាយបង្គំ​ព្រះអង្គ បពិត្រ​ព្រះអង្គ​ជា​ឥសី​ទី ៧ ខ្ញុំ​សូម​ថ្វាយបង្គំ​ព្រះអង្គ បពិត្រ​ព្រះអង្គ​ជា​បុគ្គល​ប្រសើរ​ជាង​សត្វលោក​ទាំងអស់ ខ្ញុំ​សូម​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ បពិត្រ​ព្រះអង្គ​ទ្រង់​ធ្វើ​នូវ​អភ័យ ខ្ញុំ​សូម​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ។
ថយ | ទំព័រទី ៣៧៥ | បន្ទាប់