ស្ទឹង (នោះ) មាន​ច្រាំង​ទាប មាន​កំពង់រាប​ស្មើ ជាទី​រីករាយ​នៃ​ចិត្ត បរិបូណ៌​ដោយ​សត្វ​ត្រី និង​អណ្តើក មាន​សត្វ​ក្រពើ​នៅ​អាស្រ័យ។ ពួក​សត្វ​ខ្លាឃ្មុំ ក្ងោក ខ្លាដំបង ករវិក និង​សាលិកា តែង​បន្លឺ​សំ​ឡេង​សព្វៗកាល សត្វ​ទាំង​នុ៎ះ ធ្វើ​អាស្រម​របស់ខ្ញុំ​ឲ្យ​ល្អ។ ពួក​តាវៅ​មាន​សំឡេង​ពីរោះ និង​ហង្ស​មាន​សូរសព្ទ​ពីរោះ តែង​យំ​ឆ្លើយ​គ្នា (សព្វៗកាល) សត្វ​ទាំង​នុ៎ះ ធ្វើ​អាស្រម​របស់ខ្ញុំ​ឲ្យ​ល្អ ក្នុង​ទីនោះ។ ពួក​សីហៈ ខ្លាធំ ជ្រូក កុក ឆ្កែព្រៃ និង​ខ្លារខិន តែង​បន្លឺ​សំឡេង​ក្បែរ​ជ្រោះ​ភ្នំ ធ្វើ​អាស្រម​របស់ខ្ញុំ​ឲ្យ​ល្អ។ ពួក​ម្រឹគ​ទ្រាយ ម្រឹគ​ខ្ទីង ចចក និង​ជ្រូក​ជាច្រើន តែង​បន្លឺ​សំឡេង​ក្បែរ​ជ្រោះ​ភ្នំ ធ្វើ​អាស្រម​របស់ខ្ញុំ​ឲ្យ​ល្អ។ ពួក​ដើម​រាជព្រឹក្ស ដើម​ចម្បា ដើម​ច្រនៀង ដើមឈើ​ភ្លើង ដើម​រំដួល និង​ដើម​អសោក ក៏​ធ្វើ​អាស្រម​របស់ខ្ញុំ​ឲ្យ​ល្អ។
ថយ | ទំព័រទី ៧ | បន្ទាប់