កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​គាស់រំលើង​ចោល​ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ដូចជា​ដំរី​ដ៏​ប្រសើរ​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ដំណើរ​ដែល​ខ្ញុំ​មក​ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​របស់ខ្ញុំ ជា​ដំណើរ​ល្អ​ហ្ន៎ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​រួចហើយ។
 បានឮ​ថា ព្រះ​ញាណ​ត្ថ​វិ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ញាណ​ត្ថ​វិ​កត្ថេ​រាប​ទាន។


ឧច្ឆុ​ក្ខ​ណ្ឌិ​កត្ថេ​រាប​ទាន ទី៥


 [២៥] ខ្ញុំ​កើតជា​អ្នករក្សា​ទ្វារ ក្នុង​នគរ​ពន្ធុ​មតី បានឃើញ​ព្រះពុទ្ធ ព្រះអង្គ​មាន​ធូលី​ទៅ​ប្រាស​ហើយ ទ្រង់​ដល់​នូវ​ត្រើយ​នៃ​ធម៌​ទាំងពួង។ ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ បាន​យក​អំពៅ​មួយ​កំណាត់ ទៅ​ថ្វាយព្រះ​ពុទ្ធ​ដ៏​ប្រសើរ ព្រះនាម​វិបស្សី ព្រះអង្គ​ជា​អ្នក​ស្វែងរក​នូវ​គុណ​ដ៏​ធំ។
ថយ | ទំព័រទី ៨០ | បន្ទាប់