ជម្ពូផលិយត្ថេរាបទាន ទី១០
[៣០] កាលព្រះសម្ពុទ្ធព្រះនាមបទុមុត្តរៈ ជាច្បងក្នុងលោក ព្រះអង្គមិនញាប់ញ័រដោយលោកធម៌ ទ្រទ្រង់នូវយសដ៏ឧត្តម ទ្រង់សេ្តចយាងបិណ្ឌបាត។ ខ្ញុំមានចិត្តជ្រះថ្លា បានយកផ្លែឈើថ្មោង ចូលទៅថ្វាយព្រះសាស្តា ព្រះអង្គជាទក្ខិណេយ្យបុគ្គល ជាអ្នកប្រាជ្ញឆ្នើម (ហើយពោលថា) បពិត្រព្រះអង្គជាធំជាងសត្វជើងពីរ ជាច្បងក្នុងលោក ប្រសើរជាងពួកជន ខ្ញុំព្រះអង្គសូមលះបង់នូវការឈ្នះ និងការចាញ់ ហើយដល់នូវធម៌មិនកម្រើក គឺព្រះនិពា្វន ដោយកុសលកម្មនោះ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានឲ្យទានក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃទានថ្មោង។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំបានដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរកាត់ផ្តាច់នូវទន្លីង។