ព្រះសម្ពុទ្ធ​អង្គ​នោះ ទ្រង់​មានយស​ប្រមាណ​មិនបាន ទ្រង់​រុងរឿង​ដូចជា​ព្រះអាទិត្យ ទ្រង់​កំចាត់​បង់​នូវ​ងងឹត​ទាំងពួង ទ្រង់​ញ៉ាំង​ធម្មចក្រ​ទាំងពួង ឲ្យ​ប្រព្រឹត្តទៅ។ ព្រះពុទ្ធ​នោះ មាន​តេជះ​ថ្លឹង​មិនបាន មានការ​ត្រាស់​ដឹង ៣ លើក គឺ​ការ​ត្រាស់​ដឹង​ទី ១ មាន​ពួក​សត្វ​មួយ​សែន​កោដិ។ ទេវរាជ​ព្រះនាម​សុ​ទស្សនៈ គាប់​ព្រះទ័យ​នឹង​មច្ឆា​ទិដ្ឋិ ព្រះ​សាស្តា កាល​ទ្រង់​បន្ទោបង់​នូវ​ទិដ្ឋិ នៃ​សុ​ទស្សន​ទេវរាជ​នោះ ទ្រង់​បាន​សម្តែង​ធម៌។ ក្នុង​កាលនោះ ការប្រជុំ​ជន​ច្រើន​ថ្លឹង​មិនបាន ជា​ការប្រជុំ​ធំ ឈ្មោះថា​ត្រាស់​ដឹង​ទី ២ មាន​ពួក​សត្វ ៩ ពាន់​កោដិ។ ក្នុង​កាលណា ព្រះពុទ្ធ​ព្រះអង្គ​ជា​សារថី ទូន្មាន​នូវ​នរៈ ទ្រង់​ទូន្មាន​ដំរី ឈ្មោះ​ទោណ​មុ​ខៈ ក្នុង​កាលនោះ ឈ្មោះថា​ត្រាស់​ដឹង​ទី ៣ មាន​ពួក​សត្វ ៨០កោដិ។ ព្រះ​បិយ​ទស្សី​អង្គ​នោះ មាន​សាវក​សន្និបាត ៣ លើក គឺ​សន្និបាត​លើក​ទី ១ មាន​ពួក​ព្រះអរហន្ត​មួយ​សែន​កោដិ។
ថយ | ទំព័រទី ១៤៤ | បន្ទាប់