តពីនោះមក ព្រះ​ខីណាស្រព​ទាំងឡាយ ជា​អ្នកប្រាជ្ញ ចំនួន ៩០ កោដិ បាន​មក​ប្រជុំ​ព្រម​ក្នុង​ទី​ជាមួយគ្នា នេះ​ជា​សន្និបាត​លើក​ទី ២ ក្នុង​សន្និបាត​លើក​ទី ៣ មាន​ព្រះ​ខីណាស្រព ៨០ កោដិ។ សម័យ​នោះ តថាគត​កើតជា​មាណព ឈ្មោះ​កស្សបៈ ជា​អ្នក​ស្វាធ្យាយមន្ត ចងចាំ​មន្ត ដល់​នូវ​ត្រើយ​នៃ​ត្រៃវេទ។ តថាគត​បាន​ស្តាប់ធម៌​របស់​ព្រះពុទ្ធ ព្រះនាម​បិយ​ទស្សី​នោះ ហើយ​បាន​ញ៉ាំង​សេចក្តី​ជ្រះថ្លា​ឲ្យ​កើតឡើង តថាគត​បាន​សាង​នូវ​សង្ឃា​រាម ដោយ​ទ្រព្យ​ប្រមាណ​មួយ​សែន​កោដិ។ តថាគត បាន​ថ្វាយ​អារាម ដល់​ព្រះពុទ្ធអង្គ​នោះ ហើយ​មានចិត្ត​រីករាយ មានចិត្ត​សង្វេគ បាន​សមាទាន​សរណគមន៍ និង​សីល ៥ ធ្វើឲ្យ​មាំមួន។ ព្រះពុទ្ធអង្គ​នោះ ទ្រង់​គង់​ក្នុង​កណ្តាល​សង្ឃ​ហើយ ទ្រង់ព្យាករ​តថាគត​ថា មាណព​នេះ នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ ក្នុង​កប្ប​ទី ១.៨០០។ សត្វ​នេះ នឹង​ចេញ​ចាក​ក្រុង​កបិលពស្តុ ជាទី​រីករាយ ទៅ​តម្កល់​ការ​ព្យាយាម ហើយ​ធ្វើ​ទុក្ករកិរិយា។
ថយ | ទំព័រទី ១៤៥ | បន្ទាប់