ព្រះ​វេស្សភូ ជា​លោកនាយក ទ្រង់​សម្តែង​ធម្មចក្រ មាន​ពួក​បរិស័ទ​ចំនួន ៨០ ពាន់​កោដិ បាន​ត្រាស់​ដឹង​ក្នុង​គ្រា​ជាដំបូង។ កាលដែល​ព្រះ​លោ​កជេដ្ឋៈ ប្រសើរ​ជាង​ពួក​នរជន ចៀសចេញ​ទៅកាន់​ចារិក​ក្នុង​ដែន មាន​ពួក​បរិស័ទ​ចំនួន ៧០ ពាន់​កោដិ បាន​ត្រាស់​ដឹង​ក្នុង​គ្រា​ទី ២។ ព្រះ​ជិនស្រី​អង្គ​នោះ ទ្រង់​បន្ទោបង់​នូវ​មហា​ទិដ្ឋិ ហើយ​ធ្វើ​នូវ​បាដិហារ្យ ពួក​មនុស្ស និង​ទេវតា ក្នុង​មួយ​ហ្មឺន​លោកធាតុ ព្រមទាំង​ទេវលោក ក៏បាន​មក​ប្រជុំ​គ្នា។ ពួក​ទេវតា និង​មនុស្ស ចំនួន ៦០ កោដិ ឃើញ​ហេតុ​អស្ចារ្យ​ធំ​ចំឡែក ជាទី​ព្រឺរោម​ហើយ ក៏បាន​ត្រាស់​ដឹង (ក្នុង​គ្រា​ទី ៣)។ ព្រះពុទ្ធ ព្រះនាម​វេស្សភូ ស្វែងរក​គុណ​ដ៏​ធំ មាន​សាវក​សន្និបាត ៣ លើក សុទ្ធតែ​ព្រះ​ខីណាស្រព ប្រាសចាក​មន្ទិល មានចិត្ត​ស្ងប់​រម្ងាប់ មានចិត្ត​នឹងធឹង។ គឺ​សន្និបាត​លើក​ទី ១ មាន​ភិក្ខុ​ចំនួន ៨០ ពាន់​កោដិ សន្និបាត​លើក​ទី ២ មាន​ភិក្ខុ​ចំនួន ៧០ ពាន់​កោដិ។
ថយ | ទំព័រទី ១៩៩ | បន្ទាប់