សន្និបាត​លើក​ទី ៣ មាន​ពួក​ភិក្ខុ​ចំនួន ៦០ ពាន់​កោដិ ដែល​ភ័យ​តក់ស្លុត​អំពី​ទុក្ខ មាន​ជរា​ជាដើម ជា​ឱរស​របស់​ព្រះពុទ្ធ​ស្វែងរក​នូវ​គុណ​ដ៏​ធំ។ កាល​ព្រះសម្ពុទ្ធ មិន​មាន​បុគ្គល​ស្មើ​អង្គ​នោះ ទ្រង់​សម្តែង​ធម្មចក្រ​ដ៏​ឧត្តម សម័យ​នោះ តថាគត​ជា​ក្សត្រ ឈ្មោះ​សុ​ទស្សនៈ បាន​ស្តាប់​នូវ​ធម៌​ដ៏​ប្រសើរ​ហើយ ក៏​ពេញចិត្ត​នឹង​ផ្នួស​យ៉ាង​ក្រៃលែង បាន​បូជា​នូវ​ព្រះ​ជិនស្រី ព្រមទាំង​ព្រះសង្ឃ ដោយ​បាយទឹក និង​សំពត់។ តថាគត ញ៉ាំង​មហាទាន ឲ្យ​ប្រព្រឹត្តទៅ ជា​អ្នក​មិន​ខ្ជិល​ទាំងយប់​ទាំង​ថ្ងៃ ហើយ​ចូល​ទៅកាន់​ផ្នួស ដែល​បរិបូណ៌​ដោយ​គុណ ក្នុង​សំណាក់​ព្រះ​ជិនស្រី។ តថាគត បរិបូណ៌​ដោយ​អាចារ​គុណ មានចិត្ត​តម្កល់​ខ្ជាប់​ក្នុង​វត្ត និង​សីល ស្វែងរក​នូវ​សព្វញ្ញុតញ្ញាណ ត្រេកអរ​ក្នុង​សាសនា​នៃ​ព្រះ​ជិនស្រី។ តថាគត​ញ៉ាំង​សទ្ធា និង​បីតិ​ឲ្យ​កើតឡើង ហើយ​ថ្វាយបង្គំ​ព្រះសម្ពុទ្ធ​ជា​សាស្តា បីតិ​របស់​តថាគត ក៏​កើតឡើង ព្រោះ​ហេតុ​នៃ​ការ​ត្រាស់​ដឹង។
ថយ | ទំព័រទី ២០០ | បន្ទាប់