ព្រះសម្ពុទ្ធ​អង្គ​នោះ បាន​បំពេញ​បារមី​ធម៌​ទាំង ១០ កន្លង​ផ្លូវ​ឆ្ងាយ​គឺជា​តិ លះបង់​មន្ទិល​ទាំងអស់ ដល់​នូវ​សម្ពោធិញ្ញាណ​ដ៏​ឧត្តម។ ព្រះ​កោ​នាគ​មន​សម្ពុទ្ធ ជានា​យក ញ៉ាំង​ធម្មចក្រ​ឲ្យ​ប្រព្រឹត្តទៅ ពួក​សត្វ​ចំនួន ៣ម៉ឺន​កោដិ បាន​ត្រាស់​ដឹង​ដំបូង។ កាល​ទ្រង់​ធ្វើ​បាដិហារិយ៍ ញាំញី​ពាក្យ​ត្មះតិះដៀល​នៃជ​នដ​ទៃ ពួក​សត្វ​ចំនួន ២ ម៉ឺន​កោដិ បាន​ត្រាស់​ដឹង​ជា​លើក​ទី ២។ លំដាប់ពីនោះ ព្រះ​ជិនស្រី​ធ្វើ​នូវ​វិ​កុ​ព្វ​នបា​ដិ​ហារិ​យ៍ ហើយ​ទ្រង់​យាង​ទៅកាន់​ទេវ​បុរី ព្រះសម្ពុទ្ធ​គង់នៅ​លើ​បណ្ឌុកម្ពលសិលា ក្នុង​ទេវលោក​នោះ។ ព្រះ​មុនី​នោះ កាល​សម្តែង​សត្ត​បក​រណា​ភិ​ធម្ម គង់​ចាំវស្សា (ក្នុង​ទេវលោក) ពួក​សត្វ​ចំនួន​មួយ​ម៉ឺន​កោដិ បាន​ត្រាស់​ដឹង​ជា​លើក​ទី ៣។ ព្រះពុទ្ធ​ជា​ទេវតា ទ្រង់​ប្រសើរ​ជាង​ទេវតា​អង្គ​នោះ ទ្រង់​មាន​សាវក​សន្និបាត​តែមួយដង ដែល​សុទ្ធតែ​ជា​ពួក​ព្រះ​ខីណាស្រព ប្រាសចាក​មន្ទិល មានចិត្ត​ស្ងប់​រម្ងាប់ មានចិត្ត​នឹងធឹង។
ថយ | ទំព័រទី ២១៣ | បន្ទាប់