សាវក​សមាគម​ក្នុង​កាលនោះ មាន​ភិក្ខុ ៣ ម៉ឺន ដែល​កន្លង​ឱឃៈ ផ្តាច់​បង់​មច្ចុ។ សម័យ​នោះ តថាគត​ជា​ក្សត្រ​ឈ្មោះ​បព្វ​តៈ បរិបូណ៌​ដោយ​មិត្ត និង​អាមាត្យ មាន​ពល និង​ពាហនៈ​ច្រើន។ តថាគត​ទៅ​គាល់​ព្រះសម្ពុទ្ធ ស្តាប់ធម៌​ដ៏​ប្រសើរ ហើយ​និមន្ត​ព្រះសង្ឃ ព្រមទាំង​ព្រះ​ជិនស្រី ថ្វាយ​ទាន​តាម​សេចក្តី​ប្រាថ្នា។ តថាគត​បាន​ថ្វាយ​វត្ថុ ៤ មុខ គឺ​សំពត់​ចីន​ប្រទេស ១ សំពត់សូត្រ ១ សំពត់​កម្ពល ១ ស្បែកជើង​មាស ១ ចំពោះ​ព្រះ​សាស្តា ព្រមទាំង​សាវ័ក។ ព្រះ​មុនី​នោះ ទ្រង់​គង់នៅ​ក្នុង​កណ្តាល​សង្ឃ ទ្រង់ព្យាករ​តថាគត​ថា មហាបុរស​នេះ នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ ក្នុង​ភទ្ទកប្ប​នេះ។ សត្វ​នេះ នឹង​ចេញពី​នគរ​កបិលពស្តុ ជាទី​ត្រេកអរ តាំង​នូវ​ព្យាយាម ធ្វើ​ទុក្ករកិរិយា។
ថយ | ទំព័រទី ២១៤ | បន្ទាប់