ព្រះ​ជិនស្រី សម្តែង​ធម៌​ក្នុង​សុធម្ម​ទេវ​បុរី ជាទី​រីករាយ ក្នុង​ទេវលោក​នោះ ញ៉ាំង​ទេវតា ៣ ពាន់​កោដិ ឲ្យ​ត្រាស់​ដឹង។ ក្នុង​ការ​សម្តែង​ធម៌​ដទៃទៀត ដល់​ទេវតា មនុស្ស និង​យក្ស ជន​ទាំងនោះ បាន​ត្រាស់​ដឹង​រាប់មិនអស់។ ព្រះពុទ្ធ ជា​ទេវតា​ដ៏​ប្រសើរ​នោះ មាន​សាវក​សន្និបាត​តែមួយដង ដែល​សុទ្ធតែ​ជា​ពួក​ព្រះ​ខីណាស្រព មិន​មានមន្ទិល មានចិត្ត​ស្ងប់​រម្ងាប់ មានចិត្ត​នឹងធឹង។ ការប្រជុំ​ក្នុង​កាលនោះ មាន​ភិក្ខុ ២ ម៉ឺន​រូប ដែល​មាន​ភព​កន្លង​ហើយ មានចិត្ត​នឹងធឹង ដោយ​ហិរិ និង​សីល។ កាលនោះ តថាគត​ជា​មាណព ឈ្មោះ​ជោតិ​បាល ជា​អ្នករៀន​មន្ត ចេះចាំ​មន្ត ដល់​នូវ​ត្រើយ​នៃ​វេទ​ទាំង ៣។ តថាគត​ដល់​នូវ​បារមី ក្នុង​គម្ពី​លក្ខណៈ​ផង ក្នុង​គម្ពីរ​ឥតិ​ហា​សៈ​ផង ក្នុង​ព្រះ​សទ្ធម្ម​ផង ឈ្លាសវៃ​ក្នុង​ផែនដី និង​អាកាស មាន​វិជ្ជា​ធ្វើរួចហើយ ជា​អ្នក​មិន​មាន​រោគ។
ថយ | ទំព័រទី ២២១ | បន្ទាប់