សុត្តន្ត​បិដក
ខុទ្ទកនិកាយ ចរិយាបិដក
សូម​នមស្ការ ចំពោះ​ព្រះមានព្រះភាគ អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ។
ទាន​បា​រមិ​តា
អកិត្តិ​ចរិយា ទី១
 [១] អំពើ(១) ណា ដែល​តថាគត​បាន​ប្រព្រឹត្ត​ហើយ ក្នុង​រវាង​នេះ អស់ ៤ អសង្ខេយ្យ កម្រៃ​មួយ​សែន​កប្ប អំពើ​ទាំងអស់​នោះ ជា​គ្រឿង​ញ៉ាំង​ពោធិញ្ញាណ​ឲ្យ​សម្រេច។ តថាគត លើកទុក​នូវ​អំពើ​ដែល​តថាគត​បាន​ប្រព្រឹត្ត ក្នុង​ភព​តូច និង​ភព​ធំ ក្នុង​កប្ប​ដែល​កន្លងទៅ​ហើយ នឹង​សម្តែង​តែ​អំពើ​ដែល​តថាគត​បាន​ប្រព្រឹត្ត​ហើយ ក្នុង​ភទ្ទកប្ប​នេះ អ្នក​ចូរ​ស្តាប់​តថាគត​ចុះ។ កាលដែល​តថាគត​ជា​តាបស ឈ្មោះ​អកិត្តិ ចូល​ទៅ​នៅក្នុង​ព្រៃធំ និង​ព្រៃតូច ជា​ព្រៃ​ស្ងាត់សូន្យ​ឈឹង។
(១) ពាក្យ​ថា អំពើ ក្នុង​ទីនេះ បាន​ដល់​សេចក្តី​ប្រតិបត្តិ មាន​ទាន និង​សីល​ជាដើម ដែល​សង្គ្រោះ​ចូលក្នុង​បារមី​ទាំង ៣០។ អដ្ឋកថា។
ថយ | ទំព័រទី ២៤០ | បន្ទាប់