នេ​ក្ខម្មា​ទិ​បារមី
យុធ​ញ្ជយ​ចរិយា ទី១


 [២១] កាលដែល​តថាគត​កើតជា​រាជបុត្ត (នៃ​ស្តេច​សព្វ​ទត្ត) ឈ្មោះ​យុធ​ញ្ជ័យ ជា​រាជកុមារ​មាន​បរិវារ និង​យស​រាប់​មិនបាន ក្នុង​កាលនោះ តថាគត​កើត​សេចក្តី​សង្វេគ ព្រោះ​ឃើញ​ដំណក់ទឹក​សន្សើម ដែល​រីង​ហួត​ដោយ​កំ​ដៅ​ព្រះអាទិត្យ។ តថាគត​យក​ដំណក់ទឹក​សន្សើម​នោះ​ជា​អធិបតី ចម្រើន​នូវ​សេចក្តី​សង្វេគ​ថ្វាយបង្គំ​ព្រះមាតា និង​ព្រះបិតា ហើយ​សូម​បព្វជ្ជា។ ពួក​រាជបុរស ព្រមទាំង​អ្នក​និគម អ្នក​នៅក្នុង​ដែន ផ្គង​អញ្ជលី​អង្វរ​តថាគត​ថា បពិត្រ​ព្រះរាជ​បុត្ត សូម​ព្រះអង្គ​ម្ចាស់ គ្រប់គ្រង​មហាប្រឹថពី ដែល​សម្រេច​ដោយ​សម្បត្តិ​ដ៏​ស្តុកស្តម្ភ ក្នុងថ្ងៃនេះ​ចុះ។ តថាគត​មិន​មាន​អាល័យ លះបង់​រាជបុរស ព្រមទាំង​ស្តេច ស្រីស្នំ អ្នក​និគម និង​អ្នក​នៅក្នុង​ដែន ដែល​កំពុង​ខ្សឹកខ្សួល គួរឲ្យ​អាណិត។ តថាគត​លះបង់​រាជ្យ​លើ​ផែនដី ញាតិ ជន​ជា​បរិស័ទ និង​យស​ទាំងអស់ ឥតមាន​គិតដល់ ព្រោះ​ហេតុ​ពោធិញ្ញាណ​តែ​ម៉្យាង។
ថយ | ទំព័រទី ២៨៤ | បន្ទាប់