ស្តេច​ទព្វ​សេន ធ្វើ​នូវ​អ្នក​និគម ព្រមទាំង​ពួក​ពល និង​អ្នកជនបទ ដែល​រស់នៅ​ព្រោះ​អាស្រ័យ​ស្តេច​ទាំងអស់ ឲ្យ​តាំងនៅ​ក្នុង​ដៃ ហើយ​ជីក​កប់​តថាគត​ក្នុង​រណ្តៅ។ តថាគត​បានឃើញ​នូវ​មណ្ឌល​នៃ​អាមាត្យ រាជ្យ និង​វាំង​ដ៏​ស្តុកស្តម្ភ​របស់​តថាគត ដូច​កូន​ជាទីស្រឡាញ់ ដែល​ត្រូវ​ស្តេច​ទព្វ​សេន​ដណ្តើម​យក​ហើយ (ក៏​ផ្សាយ​មេត្តា​ចំពោះ​ស្តេច​ទព្វ​សេន​នោះ) គុណធម៌​ដទៃ ស្មើនឹង​មេត្តា​នៃ​តថាគត ពុំ​មាន​ឡើយ នេះ​ជា​មេត្តា​បារមី​របស់​តថាគត។

ចប់ ឯករាជ​ចរិយា ទី១៤។


មហា​លោម​ហំស​ចរិយា ទី១៥


 [៣៥] តថាគត​សម្រេច​សេយ្យាសន៍ កើយ​ឆ្អឹង​សាកសព​ក្នុង​ព្រៃស្មសាន ពួក​ក្មេង​អ្នកស្រុក​ចូល​មក​ជិត (តថាគត) ហើយ​សម្តែង​នូវ​ប្រការ​ដ៏​ប្លែក​ច្រើនយ៉ាង។ ពួក​ក្មេង​ដទៃ ជា​អ្នកដឹង​ការណ៍ (ឃើញ​ទារក​ទាំងឡាយ) ក៏​សប្បាយរីករាយ មានចិត្ត​សង្វេគ ទៅ​នាំ​យក​គ្រឿងក្រអូប ផ្កាកម្រង ភោ​ជន​ផ្សេងៗ ដ៏​ច្រើន និង​គ្រឿង​បណ្ណាការ មក​ឲ្យ​តថាគត។
ថយ | ទំព័រទី ៣០៧ | បន្ទាប់