[២៧៨] ពួក​ធម៌​ជា​ឧបា​ទា (ឧបា​ទា​រូប) តើ​ដូចម្តេច។ ចក្ខា​យតនៈ។បេ។ កព​ឡិង្កា​រា​ហារ នេះ​ពួក​ធម៌​ជា​ឧបា​ទា។ ពួក​ធម៌​មិនមែន​ជា​ឧបា​ទា តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ មហាភូតរូប​ទាំង ៤ និង​អសង្ខតធាតុ នេះ​ធម៌​មិនមែន​ជា​ឧបា​ទា។
 [២៧៩] ពួក​ធម៌​ជា​ឧបា​ទិ​ន្នៈ (ធម៌​មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម កាន់​យក​ហើយ) តើ​ដូចម្តេច។ វិបាក ប្រកបដោយ​អាសវៈ របស់​ពួក​ធម៌​ជាកុសល និង​អកុសល ជា​កាមាវចរ រូបាវចរ អរូបាវចរ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ និង​រូប​ដែល​ជា​កម្ម​ស្ស​កត​ត្តា នេះ​ពួក​ធម៌​ជា​ឧបា​ទិ​ន្នៈ។ ពួក​ធម៌​ជា​អនុ​បា​ទិ​ន្នៈ (ធម៌​មិន​មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម កាន់​យក​ហើយ) តើ​ដូចម្តេច។ ពួក​ធម៌​ប្រកបដោយ​អាសវៈ ជាកុសល និង​អកុសល ជា​កាមាវចរ រូបាវចរ អរូបាវចរ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ឬ​ពួក​ធម៌​ជា​កិរិយា ដែល​មិនមែន​ជាកុសល មិនមែន​ជាអកុសល មិនមែន​ជា​កម្មវិបាក រូប​ដែល​មិនមែន​ជា​កម្ម​ស្ស​កត​ត្តា មគ្គ ជា​អប​រិយា​បន្នៈ ផល​នៃ​មគ្គ និង​អសង្ខតធាតុ នេះ​ពួក​ធម៌​ជា​អនុ​បា​ទិ​ន្នៈ។
ថយ | ទំព័រទី ១៩១ | បន្ទាប់