ការ​អាក្រាត​នេះ​ ​នាំឲ្យមាន​សេចក្តី​ប្រាថ្នា​តិច​ ​សេចក្តី​សន្តោស​ ​សេចក្តី​ផូរផង់​ ​កំចាត់​បង់​កិលេស​ ​នាំឲ្យកើត​សេចក្តី​ជ្រះថ្លា​ ​មិន​សន្សំ​កិលេស​វដ្ត​ ​និង​នាំឲ្យមាន​សេចក្តី​ប្រារព្ធ​ព្យាយាម​ ​ដោយ​បរិយាយ​ជាច្រើន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​អនុញ្ញាត​ការ​អាក្រាត​ ​ដល់​ពួក​ភិក្ខុ​ ​ជា​ការ​ស្រួល​ពេក​ណាស់​។​ ​ព្រះពុទ្ធ​មាន​ព្រះ​ភាគ​ ​បន្ទោស​ថា​ ​នែ​មោឃបុរស​ ​អំពើ​នេះ​មិនទំនង​ទេ​។​បេ​។​ ​ម្នាល​មោឃបុរស​ ​អ្នក​មិនសមបើ​ ​នឹង​សមាទាន​នូវ​ការ​អាក្រាត​ ​ជា​តិត្ថិយ​សមាទាន​(​១​)​ ​(​ដូច្នេះ​)​ ​សោះ​ ​ម្នាល​មោឃបុរស​ ​អំពើ​នេះ​ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ ​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ទ្រង់​បន្ទោស​ហើយ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​រួច​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​អាក្រាត​ ​ជា​តិត្ថិយ​សមាទាន​ ​ភិក្ខុ​មិន​ត្រូវ​សមាទាន​ទេ​ ​ភិក្ខុ​ណា​សមាទាន​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​ ​ស្លៀកសំពត់​ដែលគេ​ធ្វើ​ពី​ស្បូវភ្លាំង​។​បេ​។​ ​ស្លៀកសំពត់​ដែលគេ​ធ្វើ​ពី​សម្បកឈើ​។​បេ​។​ ​ស្លៀកសំពត់​ដែលគេ​ធ្វើ​ពី​ផែនក្តារ​។​បេ​។​ ​ស្លៀកសំពត់​កម្ពល​ ​ដែលគេ​ធ្វើ​ពី​សក់​។​បេ​។​ ​ស្លៀកសំពត់​កម្ពល​ដែលគេ​ធ្វើ​ពី​រោម​កន្ទុយ​សត្វ​។​បេ​។​ ​ស្លៀកសំពត់​ដែលគេ​ធ្វើ​ពី​ស្លាប​មៀម​។​បេ​។​ ​
​(​១​)​ ​ទ្រង់​ឃាត់​ ​មិន​ឲ្យ​ភិក្ខុ​ប្រព្រឹត្ត​វត្ត​ ​បែប​ពួក​តិរ្ថិយ​ ​ព្រោះ​តិរ្ថិយ​ខ្លះ​អាក្រាត​ ​តម​មិន​ស្លៀកសំពត់​ ​មិន​ដណ្តប់សំពត់​។​
ថយ | ទំព័រទី ១៦៦ | បន្ទាប់