ក្រុង​រាជគ្រឹះ​វិញ​ ​បាន​ចូល​ទៅ​គាល់​ ​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាបបង្គំទូល​ ​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ក្រុង​វេសាលី​ ​ក៏​ស្តុកស្តម្ភ​ទូលាយ​ ​មាន​ជន​ច្រើន​ ​មាន​ពួក​មនុស្ស​មីរដេរដាស​ ​មាន​អាហារ​ចំណី​ ​ក៏​សម្បូរណ៌​ ​មាន​ប្រាសាទ៧ពាន់​ ​៧រយ​ ​៧ប្រាសាទ​ ​មានផ្ទះ​កំពូល៧ពាន់​ ​៧រយ​ ​៧ផ្ទះ​ ​មាន​សួនច្បារ​ ​៧ពាន់​ ​៧រយ​ ​៧សួនច្បារ​ ​មាន​ស្រះ​បោក្ខរណី​ ​៧ពាន់​ ​៧រយ​ ​៧ស្រះ​ ​ទាំង​មាន​ស្រីផ្កាមាស​ ​(​ម្នាក់​)​ ​ឈ្មោះ​នាង​អម្ព​បាលី​ ​រូបល្អ​ ​គួរ​ជាទី​ពិតពិល​ ​រមិលមើល​ ​នាំឲ្យកើត​សេចក្តី​ជ្រះថ្លា​ ​ហើយ​ប្រកបដោយ​សម្បុរ​ល្អ​ ​និង​ជាទី​គាប់ចិត្ត​ ​របស់​ជន​ពន់ពេក​ ​ហើយ​ជា​ស្រី​ប្រសប់​ ​ក្នុង​ការ​ល្បែង​រាំច្រៀង​ ​និង​ដេញ​ដំ​ប្រគំ​ ​ជា​ស្រី​ដែល​ពួក​មនុស្ស​ត្រូវការ​ទាំងប៉ុន្មាន​ ​តែង​ចូល​ទៅ​រក​ច្រើន​ ​ឯ​នាង​ ​(​នោះ​)​ ​ទៅ​ក្នុង​មួយ​យប់​ៗ​ ​យក​ថ្លៃ៥០កហាបណៈ​ ​ឯ​ក្រុង​វេសាលី​ ​ល្អ​ដោយ​ក្រៃលែង​ជាង​ប្រមាណ​ ​ព្រោះ​នាង​អម្ព​បាលី​នោះ​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​គួរតែ​យើងខ្ញុំ​ ​តាំង​ស្រីផ្កាមាស​ឡើង​ខ្លះ​ ​ទើប​ជាការល្អ​។​ ​ស្តេច​នោះ​ ​ទ្រង់​ត្រាស់​តប​ថា​ ​នែ​នាយ​ ​បើ​ដូច្នោះ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ជ្រើសរើស​នាង​កុមារី​ណា​ ​ដែល​មាន​រូបល្អ​ ​ប្រហែល​នាង​នោះ​ ​តាំង​ឲ្យ​ជា​ស្រីផ្កាមាស​ឡើង​។​ ​
ថយ | ទំព័រទី ៦៣ | បន្ទាប់