លំដាប់នោះ ពួកកុដុម្ពិកៈ នៅក្នុងក្រុងរាជគ្រឹះ មានសេចក្តីរិះគិត ដូច្នេះថា សេដ្ឋីគហបតិនេះឯង មានឧបការៈច្រើនដល់ស្តេចផង ដល់ពួកកុដុម្ពិកៈផង ម្យ៉ាងទៀត សេដ្ឋីនោះ ពួកពេទ្យ បោះបង់ចោលហើយ ពួកពេទ្យខ្លះនិយាយយ៉ាងនេះថា សេដ្ឋីគហបតិ មុខជានឹង ធ្វើមរណកាល ក្នុងថ្ងៃទី៥។ ពួកពេទ្យខ្លះនិយាយយ៉ាងនេះថា សេដ្ឋីគហបតិ មុខជានឹងធ្វើមរណកាល ក្នុងថ្ងៃទី៧ ម្យ៉ាងទៀត ពេទ្យជីវកៈ របស់ព្រះមហាក្សត្រនេះ នៅក្មេង ជាមនុស្សកំពុងចំរើន បើដូច្នោះ គួរតែយើងទូលសូមពេទ្យជីវកៈ អំពីព្រះមហាក្សត្រ ដើម្បីព្យាបាលរោគ សេដ្ឋីគហបតិ។ គ្រានោះ ពួកុដុម្ពិកៈ នៅក្នុងក្រុងរាជគ្រឹះ បានចូលទៅគាល់ព្រះបាទមាគធសេនិយពិម្ពិសារ លុះចូលទៅដល់ហើយ ក៏បានក្រាបទូល ព្រះបាទមាគធសេនិយពិម្ពិសារថា សូមទ្រង់ព្រះមេត្តាប្រោស សេដ្ឋីគហបតិនេះ មានឧបការៈច្រើន ដល់ព្រះសម្មតិទេពផង ដល់ពួកកុដុម្ពិកៈផង ម្យ៉ាងទៀត ពួកពេទ្យ ក៏បោះបង់ហើយ ពួកពេទ្យខ្លះ និយាយយ៉ាងនេះថា សេដ្ឋីគហបតិ មុខជានឹងធ្វើមរណកាល ក្នុងថ្ងៃទី៥ ពួកពេទ្យខ្លះនិយាយយ៉ាងនេះថា សេដ្ឋីគហបតិ មុខជានឹងធ្វើមរណកាល ក្នុងថ្ងៃទី៧ យើងខ្ញុំសូមអង្វរ សូមព្រះសម្មតិទេព ទ្រង់បង្គាប់ពេទ្យជីវកៈ ឲ្យព្យាបាលរោគ សេដ្ឋីគហបតិ។