[២៨៣] ឥទ្ធិបាទ ៤ ជាកុសល​តែមួយ​យ៉ាង ប្រកបដោយ​សុខវេទនា​ក៏​មាន ប្រកបដោយ​អទុ​ក្ខម​សុខវេទនា តែ​មាន​វិបាក​ធម៌​ជាប្រក្រតី ដែល​កិលេស​មាន​តណ្ហា​ជាដើម​មិន​កាន់​យក ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន មិន​សៅហ្មង ទាំង​មិន​គួរ​ដល់​នូវ​សេចក្តី​សៅហ្មង​ក៏​មាន ប្រកបដោយ​វិតក្កៈ និង​វិចារៈ​ក៏​មាន មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក៏​មាន មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ក៏​មាន ច្រឡំ​ដោយ​បីតិ​ក៏​មាន ច្រឡំ​ដោយ​សុខ​ក៏​មាន ច្រឡំ​ដោយ​ឧបេក្ខា ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ជា​ធម៌​មានហេតុ​ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ជា​គ្រឿង​ដល់​នូវ​ការ​មិន​សន្សំ (នូវ​កិលេស​វដ្តៈ) ជា​របស់​សេក្ខៈ ជា​ធម៌​មាន​ប្រមាណ​មិន​មាន មាន​អារម្មណ៍​ប្រមាណ​មិន​មាន ជា​ធម៌​ដ៏​ឧត្តម មាន​សភាព​ត្រូវ និង​ទៀង មិនមែន​មាន​មគ្គ​ជា​អារម្មណ៍ មាន​មគ្គ​ជាហេតុ មិនមែន​មាន​មគ្គ​ជា​អធិបតី​ក៏​មាន កើតឡើង​ហើយក៏​មាន មិនទាន់​កើតឡើង តែ​មិន​គួរ​ពោល​ថា បម្រុង​នឹង​កើតឡើង​ក៏​មាន ជា​អតីត​ក៏​មាន ជា​អនាគត​ក៏​មាន ជា​បច្ចុប្បន្ន តែ​មិន​គួរ​ពោល​ថា មាន​អារម្មណ៍​ជា​អតីត​ផង ថា​មាន​អារម្មណ៍​ជា​អនាគត​ផង ថា​មាន​អារម្មណ៍​ជា​បច្ចុប្បន្ន​ផង​ក៏​មាន ជា​ខាងក្នុង​ក៏​មាន ជា​ខាងក្រៅ​ក៏​មាន ខាងក្នុង ទាំង​ខាងក្រៅ មាន​អារម្មណ៍​ជា​ខាងក្រៅ មិន​ប្រកបដោយ​ការ​ឃើញ ទាំង​មិន​ប្រកបដោយ​ការ​ប៉ះពាល់​ក៏​មាន។
ថយ | ទំព័រទី ២០៥ | បន្ទាប់