ព្រហ្មចរិយកថា
[២៥៥] ការប្រព្រឹត្តិព្រហ្មចរិយធម៌(១) ក្នុងពួកទេវតា មិនមានទេឬ។ អើ។ ពួកទេវតាទាំងអស់ សុទ្ធតែល្ងង់ខ្លៅ មិនចេះដឹង ប្រកបដោយការពោលដោយដៃ (ដូចមនុស្សគ) មិនអង់អាច ដើម្បីដឹងនូវសេចក្តីនៃសុភាសិត និងទុព្ភាសិតបាន ពួកទេវតាទាំងអស់ មិនជ្រះថ្លាក្នុងព្រះពុទ្ធ មិនជ្រះថ្លាក្នុងព្រះធម៌ មិនជ្រះថ្លាក្នុងព្រះសង្ឃ មិនចូលទៅអង្គុយជិតព្រះពុទ្ធមានព្រះភាគ មិនសួរនូវប្រស្នានឹងព្រះពុទ្ធមានព្រះភាគ កាលបើប្រស្នាដែលព្រះពុទ្ធមានព្រះភាគដោះស្រាយហើយ មិនរីករាយ ពួកទេវតាទាំងអស់ ប្រកបដោយកម្មជារនាំង ប្រកបដោយកិលេសជារនាំង ប្រកបដោយវិបាកជារនាំង មិនមានសទ្ធា មិនមានឆន្ទៈ មិនមានប្រាជ្ញា មិនគួរចុះកាន់សម្មត្តនិយាម ក្នុងកុសលធម៌ទាំងឡាយ ពួកទេវតាទាំងអស់ ជាអ្នកសម្លាប់មាតា សម្លាប់បិតា សម្លាប់ព្រះអរហន្ត ជាអ្នកធ្វើព្រះលោហិតរបស់ព្រះពុទ្ធ ឲ្យកើតឡើង ជាអ្នកបំបែកសង្ឃ ពួកទេវតាទាំងអស់ ជាអ្នកសម្លាប់សត្វ ជាអ្នកកាន់យកទ្រព្យដែលគេមិនបានឲ្យ ជាអ្នកប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ជាអ្នកពោលពាក្យកុហក ជាអ្នកមានវាចាស៊កសៀត ជាអ្នកមានវាចាអាក្រក់ ជាអ្នកពោលពាក្យរោយរាយឥតប្រយោជន៍ ជាអ្នកមានអភិជ្ឈាជាប្រក្រតី
(១) មាន ២ គឺចំរើនមគ្គ ១ បព្វជ្ជា ១។ អដ្ឋកថា។