[៧៣២] ជរា និង​មរណៈ នៃ​ពួក​កុសលធម៌ និង​ពួក​អកុសលធម៌ មិន​គួរ​និយាយ​ថា ជា​វិបាក នៃ​ពួក​កុសលធម៌​ទេ​ឬ។ អើ។ ជរា និង​មរណៈ​នៃ​ពួក​កុសលធម៌ និង​ពួក​អកុសលធម៌ មិន​គួរ​និយាយ​ថា ជា​វិបាក​នៃ​ពួក​អកុសលធម៌​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៧៣៣] បុគ្គល​មិន​គួរ​និយាយ​ថា ជរា និង​មរណៈ ជា​វិបាក​ទេ​ឬ។ អើ។ ក្រែង​កម្ម​គួរ​ដល់​ការប្រព្រឹត្តិ​ទៅ ដើម្បី​ពណ៌​អាក្រក់ កម្ម​គួរ​ដល់​ការប្រព្រឹត្តិ​ទៅ ដើម្បី​អាយុ​ខ្លី មាន​ដែរ​ឬ។ អើ។ បើ​កម្ម​គួរ​ដល់​ការប្រព្រឹត្តិ​ទៅ ដើម្បី​ពណ៌​អាក្រក់ កម្ម​គួរ​ដល់​ការប្រព្រឹត្តិ​ទៅ ដើម្បី​អាយុ​ខ្លី មាន ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា ជរា និង​មរណៈ ជា​វិបាក។

ចប់ ជរាមរណៈ​វិ​បា​កោ​តិក​ថា។


អរិយ​ធម្ម​វិបាក​កថា


 [៧៣៤] វិបាក​នៃ​អរិយធម៌ (មគ្គ) មិន​មាន​ទេ​ឬ។ អើ។ ក្រែង សាមញ្ញៈ (មគ្គ) ជា​ផល​ដ៏​ប្រសើរ ព្រហ្មញ្ញៈ ជា​ផល​ដ៏​ប្រសើរ​ឬ។ អើ។ បើ​សាមញ្ញៈ ជា​ផល​ដ៏​ប្រសើរ ព្រហ្មញ្ញៈ ជា​ផល​ដ៏​ប្រសើរ (រមែង​មាន) ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា វិបាក​នៃ​អរិយធម៌ មិន​មាន​ទេ។
 [៧៣៥] វិបាក​នៃ​អរិយធម៌ មិន​មាន​ទេ​ឬ។ អើ។
ថយ | ទំព័រទី ៣០៣ | បន្ទាប់