បុគ្គលលះបង់សក្កាយទិដ្ធិ វិចិកិច្ឆា សីលព្វតបរាមាសៈ ដោយអរហត្តមគ្គឬ។ អើ។ ក្រែងការលះបង់សញ្ញោជនៈ ៣ ព្រះមានព្រះភាគត្រាស់ថា សោតាបត្តិផលឬ។ អើ។ ប្រសិនបើ ការលះបង់សញ្ញោជនៈ ៣ ព្រះមានព្រះភាគត្រាស់ថា សោតាបត្តិផល ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលលះបង់សក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាសៈ ដោយអរហត្តមគ្គទេ។បេ។ បុគ្គលលះបង់កាមរាគៈដ៏គ្រោតគ្រាត ព្យាបាទដ៏គ្រោតគ្រាត ដោយអរហត្តមគ្គឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលលះបង់កាមរាគៈដ៏គ្រោតគ្រាត ព្យាបាទដ៏គ្រោតគ្រាត ដោយអរហត្តមគ្គឬ។ អើ។ ក្រែងភាវៈស្រាលស្តើងនៃកាមរាគៈ និងព្យាបាទ ព្រះមានព្រះភាគត្រាស់ថា សកទាគាមិផលឬ។ អើ។ ប្រសិនបើ ភាវៈស្រាលស្តើងនៃកាមរាគៈ និងព្យាបាទ ព្រះមានព្រះភាគត្រាស់ថា សកទាគាមិផល ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលលះបង់កាមរាគៈដ៏គ្រោតគ្រាត ព្យាបាទដ៏គ្រោតគ្រាត ដោយអរហត្តមគ្គទេ។ បុគ្គលលះបង់កាមរាគៈប្រកបដោយប្រមាណតិច ព្យាបាទប្រកបដោយប្រមាណតិច ដោយអរហត្តមគ្គឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលលះបង់កាមរាគៈប្រកបដោយប្រមាណតិច ព្យាបាទប្រកបដោយប្រមាណតិច ដោយអរហត្តមគ្គឬ។ អើ។