ធម្មទេសនា​កថា


 [៣០៦] បុគ្គល​មិន​គួរ​និយាយ​ថា ព្រះពុទ្ធ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​នូវ​ធម៌​ទេ​ឬ។ អើ។ ចុះ​អ្នកណា​សំដែងធម៌។ ព្រះពុទ្ធ​និម្មិត​សំដែង។ ចុះ​ព្រះពុទ្ធ​និម្មិត ជា​ព្រះ​ជិនស្រី ជា​សាស្តា ជា​សម្មាសម្ពុទ្ធ ជា​សព្វញ្ញុ​ពុទ្ធ ឃើញ​នូវ​ធម៌​ទាំងពួង ជា​ធម្មស្សាមី មានធម៌​ជាទី​រលឹក​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​មិន​គួរ​និយាយ​ថា ព្រះពុទ្ធ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​នូវ​ធម៌​ទេ​ឬ។ អើ។ ចុះ​អ្នកណា​សំដែង។ ព្រះ​អានន្ទ​មាន​អាយុ សំដែង។ ព្រះ​អានន្ទ​មាន​អាយុ ជា​ព្រះ​ជិនស្រី ជា​សាស្តា ជា​សម្មាសម្ពុទ្ធ ជា​សព្វញ្ញុ​ពុទ្ធ ឃើញ​នូវ​ធម៌​ទាំងពួង ជា​ធម្មស្សាមី មានធម៌​ជាទី​រលឹក​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣០៧] បុគ្គល​មិន​គួរ​និយាយ​ថា ព្រះពុទ្ធ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​នូវ​ធម៌​ទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​សារីបុត្ត តថាគត​គប្បី​សំដែងធម៌​ដោយសង្ខេប​ខ្លះ ម្នាល​សារីបុត្ត តថាគត​គប្បី​សំដែងធម៌​ដោយ​ពិស្តារ​ខ្លះ ម្នាល​សារីបុត្ត តថាគត​គប្បី​សំដែងធម៌​ដោយសង្ខេប និង​ពិស្តារ​ខ្លះ ព្រោះ​បុគ្គល​អ្នក​ត្រាស់​ដឹង រកបាន​ដោយ​កម្រ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ ព្រះពុទ្ធ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​នូវ​ធម៌។
ថយ | ទំព័រទី ១៦៩ | បន្ទាប់