[​៣២២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បារិ​វាសិក​ភិក្ខុ​ ​(​ភិក្ខុ​អ្នក​នៅ​បរិវាស​)​ ​ត្រូវ​ប្រព្រឹត្ត​វត្ត​ ​ដោយ​ប្រពៃ​។​ ​ការប្រព្រឹត្ត​វត្ត​ដោយ​ប្រពៃ​ ​ក្នុង​ការ​នៅ​បរិវាស​នោះ​ ​ដូច្នេះ​ ​គឺ​ភិក្ខុ​ដែល​នៅ​បរិវាស​នោះ​ ​មិន​ត្រូវឲ្យ​ឧបសម្បទា​(​១​)​១​ ​មិន​ត្រូវឲ្យ​និស្ស័យ​(​២​)​១​ ​មិន​ត្រូវឲ្យ​សាមណេរ​បម្រើ​ខ្លួន​(​៣​)​១​ ​មិន​ត្រូវ​ទទួលការ​សន្មតិ​ខ្លួន​ ​ជា​អ្នក​ប្រដៅ​ភិក្ខុនី១​ ​បើទុកជា​សង្ឃ​សន្មត​ហើយ​ ​ក៏​មិន​ត្រូវ​ប្រដៅ​ភិក្ខុនី១​ ​សង្ឃ​ឲ្យ​បរិវាស​ ​ចំពោះ​អាបត្តិ​ណា​ ​មិន​ឲ្យ​ត្រូវអាបត្តិ​នោះ​ទៀត១​ ​ឬ​អាបត្តិ​ដទៃ​ ​ប្រហែលគ្នា​ ​នឹង​អាបត្តិ​នោះ១​ ​ឬ​ត្រូវអាបត្តិ​ដែល​ធ្ងន់ជាង​អាបត្តិ​នោះ១​ ​មិន​ត្រូវ​តិះដៀល​កម្ម១​ ​មិន​ត្រូវ​តិះដៀល​ពួក​ភិក្ខុ​អ្នកធ្វើ​កម្ម១​ ​មិន​ត្រូវ​ហាម​ឧបោសថ​ ​ដល់​ភិក្ខុ​ជា​បកត​ត្ត១​ ​មិន​ត្រូវ​ហាម​បវារណា១​ ​មិន​ត្រូវ​ធ្វើជា​អ្នកមាន​មាត់ពាក្យ​ ​(​ក្នុង​អធិករណ​នោះ​)​១​ ​មិន​ត្រូវ​ទទួល​នាទី​ជាធំ​ ​ក្នុង​វត្ត១​ ​មិន​ត្រូវឲ្យ​ធ្វើ​ឱកាស​ ​(​ដើម្បី​ចោទ​)​១​
​ ​(​១​)​ ​អដ្ឋកថា​ថា​ ​មិន​ត្រូវ​ធ្វើជា​ឧបជ្ឈាយ៍​ ​ឲ្យ​ឧបសម្បទា​ ​ដល់​កុលបុត្ត​ ​ប៉ុន្តែ​ ​បើ​បាន​ដាក់​វត្ត​ហើយ​ ​នឹង​ឲ្យ​ឧបសម្បទា​ ​ក៏​គួរ​។​ ​មិន​ត្រូវ​ធ្វើជា​អាចារ្យ​ ​សូត្រ​កម្មវាចា​ ​កាលបើ​គ្មាន​ភិក្ខុ​ដទៃ​ ​ភិក្ខុ​នោះ​បាន​ដាក់​វត្ត​ហើយ​ ​សូត្រ​កម្មវាចា​ក៏​គួរ​។​ ​(​២​)​ ​មិន​ត្រូវឲ្យ​និស្ស័យ​ ​ដល់​ភិក្ខុ​ជា​អាគន្តុក​ ​ភិក្ខុ​ឯណា​បាន​កាន់​និស្ស័យ​ទៅ​ហើយ​ ​ត្រូវ​ប្រាប់ភិក្ខុ​អស់នោះ​ថា​ ​ខ្ញុំ​ធ្វើ​វិនយកម្ម​ ​ត្រូវ​លោក​កាន់​យក​និស្ស័យ​ ​ក្នុង​សំណាក់​ព្រះ​ថេរៈ​ឯណោះ​ចុះ​ ​កុំមក​ធ្វើ​វត្ត​ដល់​ខ្ញុំ​ឡើយ​ ​វេលា​ចូល​ស្រុក​ ​កុំមក​លា​ខ្ញុំ​ឡើយ​។​ ​បើ​បាន​ហាម​យ៉ាងនេះ​ហើយ​ ​គេ​នៅតែ​ធ្វើ​នោះ​ ​បារិ​វាសិក​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​ទេ​។​ ​(​៣​)​ ​មិន​ត្រូវ​ទទួល​សាមណេរ​ឯទៀត​ ​ទុកជា​សាមណេរ​ដែល​ខ្លួន​បំបួស​ហើយ​ ​ក៏​ត្រូវ​ហាម​ថា​ ​ខ្ញុំ​ធ្វើ​វិនយកម្ម​ ​កុំមក​ធ្វើ​វត្ត​ដល់​ខ្ញុំ​ឡើយ​។​ ​បើ​បាន​ហាម​យ៉ាងនេះ​ហើយ​ ​សាមណេរ​អស់នោះ​ ​នៅតែ​ធ្វើ​ ​បារិ​វាសិក​ភិក្ខុ​នោះ​ ​មិន​ត្រូវអាបត្តិ​ឡើយ​។​
ថយ | ទំព័រទី ២០៣ | បន្ទាប់