ម្យ៉ាងទៀត ចិត្ត​ណា របស់​បុគ្គល​ណា នឹង​រលត់ នឹង​មិនកើត​ឡើង ចិត្ត​នោះ របស់​បុគ្គល​នោះ រមែង​កើតឡើង រមែង​មិន​រលត់​ឬ។ អើ។ ចិត្ត​ណា របស់​បុគ្គល​ណា រមែង​មិនកើត​ឡើង តែង​រលត់ ចិត្ត​នោះ របស់​បុគ្គល​នោះ នឹង​មិន​រលត់ នឹង​កើតឡើង​ឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្ត​ណា របស់​បុគ្គល​ណា នឹង​មិន​រលត់ នឹង​កើតឡើង ចិត្ត​នោះ របស់​បុគ្គល​នោះ រមែង​មិនកើត​ឡើង រមែង​រលត់​ឬ។ មិន​មាន​ទេ។
 [៧៣] ចិត្ត​ណា របស់​បុគ្គល​ណា រមែង​កើតឡើង ចិត្ត​នោះ របស់​បុគ្គល​នោះ ឈ្មោះថា កើតឡើង​ហើយ​ឬ។ អើ។ ម្យ៉ាងទៀត ចិត្ត​ណា របស់​បុគ្គល​ណា កើតឡើង​ហើយ ចិត្ត​នោះ របស់​បុគ្គល​នោះ រមែង​កើតឡើង​ឬ។ ចិត្ត​ក្នុង​ភង្គ​ក្ខ​ណៈ កើតឡើង​ហើយ តែ​ចិត្ត​នោះ របស់​បុគ្គល​នោះ រមែង​កើតឡើង ក៏​មិនមែន ចិត្ត​ក្នុង​ឧប្បាទ​ក្ខ​ណៈ កើតឡើង​ហើយ​ផង រមែង​កើតឡើង​ផង។ ចិត្ត​ណា របស់​បុគ្គល​ណា រមែង​មិនកើត​ឡើង ចិត្ត​នោះ របស់​បុគ្គល​នោះ ឈ្មោះថា មិនកើត​ឡើង​ហើយ​ឬ។ ចិត្ត​ក្នុង​ភង្គ​ក្ខ​ណៈ រមែង​មិនកើត​ឡើង​ទេ តែ​ចិត្ត​នោះ របស់​បុគ្គល​នោះ មិនកើត​ឡើង​ហើយ ក៏​មិនមែន ចិត្តជា​អតីត និង​អនាគត រមែង​មិនកើត​ឡើង​ផង មិនកើត​ឡើង​ហើយ​ផង។ ម្យ៉ាងទៀត ចិត្ត​ណា របស់​បុគ្គល​ណា មិនកើត​ឡើង​ហើយ ចិត្ត​នោះ របស់​បុគ្គល​នោះ រមែង​មិនកើត​ឡើង​ទេ​ឬ។ អើ។
ថយ | ទំព័រទី ៤៦ | បន្ទាប់