គឺ​ដើម្បី​សេចក្តីល្អ​ដល់​សង្ឃ១​ ​ដើម្បី​នៅ​សប្បាយ​ដល់​សង្ឃ១​ ​ដើម្បី​សង្កត់សង្កិន​នូវ​បុគ្គល​ទាំងឡាយ​ដែល​មិន​អៀនខ្មាស១​ ​ដើម្បី​នៅជា​សុខ​ស្រួល​ដល់​ភិក្ខុ​ទាំងឡាយ​ដែល​មាន​សីល​ជាទីស្រឡាញ់១​ ​ដើម្បី​រារាំង​អាសវ​ធម៌​ទាំងឡាយ​ក្នុង​បច្ចុប្បន្ន១​ ​ដើម្បី​កំចាត់​បង់​នូវ​អាសវ​ធម៌​ទាំងឡាយ​ក្នុង​បរលោក១​ ​ដើម្បី​ញុំាង​បុគ្គល​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ឲ្យ​ជ្រះថ្លា​ឡើង១​ ​ដើម្បី​ញុំាង​បុគ្គល​ទាំងឡាយ​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ច្រើនឡើង១​ ​ដើម្បី​ឲ្យ​តំ​កល់​នៅ​មាំ​នៃ​ព្រះ​សទ្ធម្ម១​ ​ដើម្បី​អនុគ្រោះ​ដល់​វិន័យ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ត្រូវ​សំដែង​នូវ​សិក្ខាបទ​នេះ​ដូច្នេះ​ថា​ ​ភិក្ខុ​ណាមួយ​សេព​មេថុនធម្ម​ ​(​ភិក្ខុ​នោះ​)​ ​ត្រូវអាបត្តិ​បារាជិក​ ​រក​សំវាស​គ្មាន​។​ ​សិក្ខាបទ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បញ្ញត្ត​ហើយ​ចំពោះ​ភិក្ខុ​ទាំងឡាយ​ដោយ​ប្រការ​ ​យ៉ាងនេះ​។​ ​

​វារៈ​ពោល​អំពី​រឿង​សុទិន្ន​ភិក្ខុ​ ​ចប់​។​ ​


 [​២១​]​ ​សម័យ​នោះ​ ​មាន​ភិក្ខុ១រូប​ប្រលោម​លួង​មេ​ស្វា​ដោយ​អាមិសៈ​ ​ក្នុង​ព្រៃ​មហា​វន​ ​ទៀប​ក្រុង​វេសាលី​ ​ហើយ​សេព​មេថុនធម្ម​នឹង​មេ​ស្វា​នោះ​។​ ​លំដាប់នោះ​ ​ភិក្ខុ​នោះ​ស្លៀក​ស្បង់​ប្រដាប់ដោយ​បាត្រ​ ​និង​ចីវរ​ ​ហើយ​ចូល​ទៅកាន់​ក្រុង​វេសាលី​ដើម្បី​បិណ្ឌបាត​ក្នុង​វេលា​ព្រឹកព្រហាម​។​ ​ក្នុង​សម័យ​នោះ​ ​ភិក្ខុ​ទាំងឡាយ​ច្រើន​រូប​ដើរទៅ​កាន់​សេនាសន​ចារិក​ ​ក៏​នាំគ្នា​ចូល​ទៅត្រង់​កន្លែង​ដែល​ភិក្ខុ​នោះ​នៅ​។​ ​
ថយ | ទំព័រទី ៦៥ | បន្ទាប់