មហាគោវិន្ទព្រាហ្មណ៍ មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញ ជាមនុស្សឈ្លាសវៃ ចំពោះប្រយោជន៍ក្នុងបច្ចុប្បន្នស្រាប់ហើយ ទាំងពួកជនដទៃ ក៏តែងសួររកប្រយោជន៍ ក្នុងបច្ចុប្បន្ន នឹងអាត្មាអញដែរ បើដូច្នោះ គួរតែអាត្មាអញ សួរសនង្កុមារព្រហ្ម ចំពោះប្រយោជន៍ ក្នុងបរលោក តែមួយយ៉ាងប៉ុណ្ណោះ។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ បាននិយាយនឹងសនង្កុមារព្រហ្ម ដោយគាថាថា
[៦៥] ខ្ញុំមានសេចក្តីសង្ស័យ សូមសួរសនង្កុមារព្រហ្ម ដែលជាអ្នកមិនមានសេចក្តីសង្ស័យ ក្នុងប្រស្នាទាំងឡាយ ដែលបុគ្គលដទៃគួរដឹងថា សត្វឋិតនៅក្នុងធម៌អ្វី សិក្សាក្នុងធម៌អ្វី ទើបដល់នូវព្រហ្មលោក ដែលមិនស្លាប់។
សនង្កុមារព្រហ្ម តបថា ម្នាលព្រាហ្មណ៍ សត្វលះបង់នូវសេចក្តីប្រកាន់ថា របស់អញ ក្នុងពួកសត្វចេញ ជាបុគ្គលប្រព្រឹត្តតែម្នាក់ឯង មានចិត្តឱនទៅរកករុណាឈាន ប្រាសចាកក្លិនពុល គឺកិលេស វៀរចាកមេថុនធម្ម ឋិតនៅក្នុងធម៌ទាំងនេះ លុះសិក្សាក្នុងធម៌ទាំងនេះហើយ ទើបដល់នូវព្រហ្មលោក ដែលមិនស្លាប់។