[៤៥] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា នែគហបតិបុត្ត បើដូច្នោះ អ្នកចូរស្តាប់ចុះ ចូរកំណត់ទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែងប្រាប់។ សិង្គាលកគហបតិបុត្ត ក៏ទទួលស្តាប់ព្រះពុទ្ធដីកាព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន យ៉ាងហ្នឹងហើយ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលគហបតិបុត្ត អរិយសាវ័ក លះបង់នូវកម្មក្កិលេស (អំពើដ៏សៅហ្មង) ៤ប្រការផង មិនធ្វើនូវបាបកម្ម (អំពើអាក្រក់) ព្រោះហេតុ ៤យ៉ាងផង មិនសេពនូវអបាយមុខ (គឺប្រធាននៃសេចក្តីវិនាស) នៃភោគៈ៦យ៉ាងផង អរិយសាវ័កនោះ លោកវៀរចាកបាបធម៌ទាំង១៤យ៉ាងនេះ ឈ្មោះថា ជាអ្នកបិទបាំងទិសទាំង៦ ប្រតិបត្តិដើម្បីជំនះក្នុងលោកទាំងពីរ គឺលោកនេះ ក៏អរិយសាវ័កនោះ បានប្រារព្ធ គឺថាបានពេញចិត្តហើយ លោកខាងមុខក៏ពេញចិត្តទៀត។ លុះអរិយសាវ័កនោះ ទំលាយរាងកាយទៅ រមែងកើតក្នុងមនុស្សសុគតិសួគ៌ទេវលោក។ កម្មក្កិលេស៤ ប្រការ ដែលអរិយសាវ័កនោះ លះបង់ហើយដូចម្តេច។ ម្នាលគហបតិបុត្ត ការធ្វើសត្វមានជីវិត ឲ្យធ្លាក់ចុះកន្លង (សម្លាប់សត្វ) ជា កម្មក្កិលេស ១ ការកាន់យកទ្រព្យ ដែលម្ចាស់គេមិនឲ្យ ជាកម្មក្កិលេស ១