ប្រព្រឹត្តនិយាយដឹកនាំស្រី ដែលបុរសគប្បីសេពមួយរំពេចនោះសោះ។ ភិក្ខុទាំងឡាយបានឮពាក្យឧបាសកនោះពោលទោស តិះដៀលបន្តុះបង្អាប់ (ដូច្នោះ)។ ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើឧទាយិដ៏មានអាយុប្រព្រឹត្តនិយាយដឹកនាំស្រីដែលបុរសគប្បីសេពមួយរំពេចនោះសោះ។ គ្រានោះឯង ពួកភិក្ខុនោះ ក៏ក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគជាម្ចាស់ឲ្យប្រជុំភិក្ខុសង្ឃក្នុងពេលនោះ ហើយទ្រង់សួរបញ្ជាក់ឧទាយិភិក្ខុដ៏មានអាយុដូច្នេះទៀតថា ម្នាលឧទាយិ ឮថាអ្នកឯង ប្រព្រឹត្តនិយាយដឹកនាំស្រីដែលបុរសគប្បីសេពមួយរំពេចនោះមែនឬ។ ឧទាយិ ភិក្ខុក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់តិះដៀលថា ម្នាលមោឃបុរស អំពើដែលអ្នកឯងធ្វើនេះ មិនសមគួរទេ មិនត្រូវទំនងទេ។បេ។ ម្នាលមោឃបុរស គួរបើដែរ អ្នកឯងប្រព្រឹត្តនិយាយដឹកនាំស្រីដែលបុរសគប្បីសេពមួយរំពេចនោះ ម្នាលមោឃបុរស អំពើដែលអ្នកឯងធ្វើនេះ មិនមែននាំឲ្យជ្រះថ្លា ដល់ជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវសំដែងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយប្រព្រឹត្តនិយាយដឹកនាំ