សង្ឃាទិសេស​ទី៦​


 ​[​១៩៤​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មានជោគ​ ​ទ្រង់​គង់នៅ​វត្ត​វេឡុ​វន​ ​កលន្ទក​និវាប​ស្ថាន​ ​(​កន្លែង​ដែល​ស្តេច​ប្រទាន​អភ័យ​និង​ចំណី​ដល់​សត្វ​កង្ហែន​)​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​គ្រានោះ​ឯង​ ​ពួក​ភិក្ខុ​នៅក្នុង​ដែន​អា​ឡ​វី​ ​ប្រើ​គេ​ឲ្យ​សាង​នូវ​កុដិ​ទាំងឡាយ​ ​ដែល​មាន​គ្រឿង​ឧបករណ​ ​(​គ្រឿងប្រដាប់​សង់ផ្ទះ​)​ ​សូម​ពី​គេ​មក​ខ្លួនឯង​ ​ឥតមាន​ទាយក​ជា​ម្ចាស់​របស់​ ​ចំពោះ​ជាទី​នៅ​របស់​ខ្លួន​ ​ធំ​ហួសប្រមាណ​។​ ​កុដិ​ទាំងនោះ​មិនទាន់​សម្រេច​។​ ​ភិក្ខុ​ទាំងនោះ​ក៏​ចេះតែ​សូម​ញឹក​ៗ​ ​ញយៗ​ ​ដោយ​ពាក្យ​សូម​ថា​ ​អ្នក​ទាំងឡាយ​ចូរ​ឲ្យ​នូវ​បុរស​ ​ឲ្យ​គ្រឿង​ហត្ថកម្ម​នៃ​បុរស​ ​ឲ្យ​គោ​ ​ឲ្យ​រទេះ​ ​ឲ្យ​កាំបិត​ ​ឲ្យ​ពូថៅ​ ​ឲ្យដឹង​ ​ឲ្យ​ចប​ ​ឲ្យ​ពន្លាក​ ​ឲ្យ​វល្ល៍​ ​ឲ្យ​ឫស្សី​ ​ឲ្យ​ស្មៅ​យ៉ាប្លង​ ​ឲ្យ​ស្មៅ​ដំណេក​ទន្សាយ​ ​ឲ្យ​ស្មៅ​ ​ឲ្យ​ដីស្អិត​ ​(​ដល់​យើង​ទាំងឡាយ​)​។​ ​ពួក​មនុស្ស​ដែល​ភិក្ខុ​ទាំងនោះ​ចេះតែ​បៀតបៀន​ដោយ​ការ​សូម​ញឹកញយ​ហួសពេក​ ​លុះដល់​ឃើញ​ពួក​ភិក្ខុ​ហើយ​ ​ក៏​ភ្ញាក់ផ្អើល​ខ្លះ​ ​តក់ស្លុត​ខ្លះ​ ​លបរត់​ទៅ​ខ្លះ​ ​គេច​ទៅ​ទី​ដទៃ​ខ្លះ​ ​បែរមុខ​ទៅ​ទី​ដទៃ​ខ្លះ​ ​បិទទ្វារ​ផ្ទះ​ខ្លះ​ ​សូម្បី​គ្រាន់តែ​ឃើញ​នូវ​គោញី​ទាំងឡាយ​ ​ក៏​គេច​រត់​ដោយ​ស្មានថា​ជាពួក​ភិក្ខុ​។​
ថយ | ទំព័រទី ១៧៩ | បន្ទាប់