[១១៥] ព្រះសារីបុត្រដ៏មានអាយុឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ មានដែរ ហើយបាននិយាយថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់នូវទុក្ខផង ដឹងច្បាស់នូវសេចក្តីកើតឡើងនៃទុក្ខផង ដឹងច្បាស់នូវសេចក្តីរំលត់ទុក្ខផង ដឹងច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់ទុក្ខផង ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង។ ម្នាលអាវុសោទាំងឡាយ សេចក្តីទុក្ខ តើដូចម្តេច គឺជាតិ ក៏ជាទុក្ខ ជរា ក៏ជាទុក្ខ មរណៈ ក៏ជាទុក្ខ សេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ ទោមនស្ស ចង្អៀតចង្អល់ចិត្ត ក៏ជាទុក្ខ ការប្រកបដោយរបស់មិនជាទីស្រឡាញ់ទាំងឡាយ ក៏ជាទុក្ខ ការព្រាត់ប្រាសចាករបស់ជាទីស្រឡាញ់ទាំងឡាយ ក៏ជាទុក្ខ ប្រាថ្នានូវរបស់ណា មិនបានរបស់នោះ ក៏ជាទុក្ខ ដោយសង្ខេប ឧបាទានក្ខន្ធទាំង៥ ក៏ជាទុក្ខ ម្នាលអាវុសោទាំងឡាយ នេះហៅថា ទុក្ខ។ ម្នាលអាវុសោទាំងឡាយ សេចក្តីកើតឡើង នៃទុក្ខ តើដូចម្តេច តណ្ហាដែលជាធម្មជាតិ នាំសត្វឲ្យកើតទៀត ប្រកបដោយសេចក្តីរីករាយ និងសេចក្តីត្រេកត្រអាល ជាធម្មជាតិ ត្រេកអរចំពោះក្នុងអារម្មណ៍