[២១៩] មហាបពិត្រ មានកាលសម័យថ្ងៃមួយ តថាគត នៅឰដ៍ភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង ពួកនិគ្រន្ថជាច្រើន ជាអ្នកឈរងើយលើផ្ទៃកាឡសិលា ទៀបភ្នំឥសិគិលិ ជាអ្នកឃាត់អាសនៈ តែងទទួលនូវវេទនា ជាទុក្ខដ៏ខ្លាំងក្លា ក្រហល់ក្រហាយ ដែលកើតអំពីសេចក្តីព្យាយាម។ បពិត្រមហានាម គ្រានោះឯង តថាគតក្រោកអំពីទីសម្ងំ ក្នុងវេលាល្ងាច ហើយចូលទៅឯកាឡសិលា ខាងភ្នំឥសិគិលិ សំដៅទៅត្រង់ទីដែលពួកនិគ្រន្ថនៅ លុះចូលទៅដល់ហើយ បានសួរពួកនិគ្រន្ថទាំងនោះ ដូច្នេះថា ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ចុះព្រោះហេតុអ្វី បានជាអ្នកទាំងឡាយ នាំគ្នាឈរងើយ ឃាត់អាសនៈ ទទួលនូវវេទនាជាទុក្ខដ៏ខ្លាំងក្លា ក្រហល់ក្រហាយ ដែលកើតអំពីសេចក្តីព្យាយាមដូច្នេះ។ បពិត្រមហានាម កាលតថាគតសួរយ៉ាងនេះហើយ និគ្រន្ថទាំងនោះ បាននិយាយតបពាក្យនេះ នឹងតថាគតថា ម្នាលអាវុសោ និគ្រន្ថនាដបុត្រ (ជាគ្រូយើង) ជាអ្នកដឹងសព្វ ឃើញសព្វ ប្តេជ្ញានូវញាណទស្សនៈ គឺការដឹង និងការឃើញ មិនមានសេសសល់ថា អាត្មាអញ កាលដើរក្តី ឈរក្តី ដេកលក់ក្តី ភ្ញាក់ឡើងក្តី ក៏មានញាណទស្សនៈតាំងស៊ប់ជានិច្ច មិនដែលដាច់ និគ្រន្ថនាដបុត្រនោះ