ជា​អ្នក​វៀរ​ស្រឡះ​ចាក​កិរិយា​បង្កាច់​ ​បោក​ប្រាស​ ​និង​ប្រកប​ក្នុង​ការ​បន្លំ​ ​ដោយ​របស់​ក្លែង​។​ ​ជា​អ្នក​វៀរ​ស្រឡះ​ចាក​កិរិយា​កាត់​នូវ​អវយវៈ​ ​សម្លាប់​ចាប់ចង​ ​ធ្វើឲ្យ​វង្វេងផ្លូវ​ ​ប្លន់​ធំ​ ​កំហែង​យក​ទ្រព្យ​។​ ​ភិក្ខុ​នោះ​ជា​អ្នក​សន្តោស​ ​ដោយ​ចីវរ​ ​ជា​គ្រឿង​រក្សា​កាយ​ ​ដោយ​បិណ្ឌបាត​ ​ជា​គ្រឿង​រក្សា​ផ្ទៃ​ ​បើ​ដើរចេញ​ទៅ​ទី​ណាៗ​ ​ក៏​កាន់​យក​ ​(​បរិក្ខារ​ទាំងអស់​)​ ​ដើរចេញ​ទៅ​។​ ​ដូចជា​សត្វស្លាប​ ​ដែល​ហើរ​ទៅ​ទី​ណាៗ​ ​ក៏​ហើរ​ទៅ​ល្មមតែ​កំឡាំង​ស្លាប​វា​ ​យ៉ាងណាមិញ​ ​ភិក្ខុ​ជា​អ្នក​សន្តោស​ដោយ​ចីវរ​ ​ជា​គ្រឿង​រក្សា​កាយ​ ​ដោយ​បិណ្ឌបាត​ ​ជា​គ្រឿង​រក្សា​ផ្ទៃ​ ​បើ​ដើរចេញ​ទៅ​ទី​ណាៗ​ ​ក៏​កាន់​យក​ ​(​បរិក្ខារ​ទាំងអស់​)​ ​ដើរទៅ​ដូច្នោះ​ដែរ​។​ ​ភិក្ខុ​នោះ​ប្រកបដោយ​សីលក្ខន្ធ​ដ៏​ប្រសើរ​នេះ​ ​ហើយ​ទទួល​ចំពោះ​នូវ​សុខ​ ​ដែល​មិន​ប្រកបដោយ​ទោស​ក្នុង​សន្តាន​។​ ​ភិក្ខុ​នោះ​ឃើញ​រូប​ដោយ​ភ្នែក​ហើយ​ ​ក៏​មិន​កួច​កាន់​នូវ​និមិត្ត​ ​មិន​កួច​កាន់​នូវ​អនុព្យញ្ជនៈ​ឡើយ​ ​(​មួយទៀត​)​ ​ធម៌​ទាំងឡាយ​ ​ជាអកុសល​ដ៏​លាមក​ ​គឺ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​រមែង​ជាប់​តាម​នូវ​ភិក្ខុ​ ​ព្រោះ​ហេតុ​មិន​សង្រួម​ឥន្ទ្រិយ​ ​គឺ​ចក្ខុ​ណា​ ​ភិក្ខុ​នោះ​ក៏​ប្រតិបត្តិ​ ​ដើម្បី​សង្រួម​ឥន្ទ្រិយ​ ​គឺ​ចក្ខុ​នោះ​ ​រក្សា​នូវ​ឥន្ទ្រិយ​គឺ​ចក្ខុ​ ​ដល់​នូវ​សេចក្តី​សង្រួម​ក្នុង​ឥន្ទ្រិយ​គឺ​ចក្ខុ​។​ ​
ថយ | ទំព័រទី ១៨៩ | បន្ទាប់