[​៣៧​]​ ​លុះ​បោ​ត​លិយ​គហបតិ​ ​នៅក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​មាន​ព្រះពុទ្ធដីកា​ដូច្នេះ​ថា​ ​ម្នាល​គហបតី​ ​អាសនៈ​មាន​គ្រប់គ្រាន់​ ​បើ​អ្នក​ត្រូវការ​ ​ចូរ​អង្គុយ​ចុះ​។​ ​កាលបើ​ព្រះមានព្រះភាគ​ ​ទ្រង់​មាន​ព្រះពុទ្ធដីកា​យ៉ាងនេះ​ហើយ​ ​បោ​ត​លិយ​គហបតិ​ ​ក៏​នៅ​ស្ងៀម​ ​ដោយ​ខឹង​អន់ចិត្ត​ថា​ ​ព្រះសមណគោតម​ហ៊ាន​ហៅ​អញ​ ​ដោយ​ពាក្យ​ថា​ ​គហបតី​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​បោ​ត​លិយ​គហបតិ​ ​ជា​គំរប់​ពីរ​ដង​ទៀត​ ​ដូច្នេះ​ថា​ ​ម្នាល​គហបតី​ ​អាសនៈ​មាន​គ្រប់គ្រាន់​ ​បើ​អ្នក​ត្រូវការ​ ​ចូរ​អង្គុយ​ចុះ​។​ ​បោ​ត​លិយ​គហបតិ​ ​ក៏​នៅ​ស្ងៀម​ ​ជា​គំរប់​ពីរ​ដង​ ​ដោយ​ខឹង​អន់ចិត្ត​ថា​ ​ព្រះសមណគោតម​ ​ហ៊ាន​ហៅ​អញ​ ​ដោយ​ពាក្យ​ថា​ ​គហបតី​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​បោ​ត​លិយ​គហបតិ​ ​ជា​គំរប់​បីដង​ទៀត​ ​ដូច្នេះ​ថា​ ​ម្នាល​គហបតី​ ​អាសនៈ​មាន​គ្រប់គ្រាន់​ ​បើ​អ្នក​ត្រូវការ​ ​ចូរ​អង្គុយ​ចុះ​។​ ​កាលបើ​ព្រះមានព្រះភាគ​ ​ទ្រង់​មាន​ព្រះពុទ្ធដីកា​យ៉ាងនេះ​ហើយ​ ​បោ​ត​លិយ​គហបតិ​ ​ក៏​ខឹង​អន់ចិត្ត​ថា​ ​ព្រះសមណគោតម​ ​ហ៊ាន​ហៅ​អញ​ ​ដោយ​ពាក្យ​ថា​ ​គហបតី​ ​ហើយក៏​ពោល​ពាក្យ​ដូច្នេះ​ ​នឹង​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រះអង្គ​ហៅ​ខ្ញុំ​ដោយ​ពាក្យ​ថា​ ​គហបតី​ណា​ ​ពាក្យ​នុ៎ះ​មិន​សមគួរ​ឡើយ​ ​ពាក្យ​នុ៎ះ​មិន​សុភាព​ឡើយ​។​
ថយ | ទំព័រទី ៥៧ | បន្ទាប់