[១៨៣] កាលបើព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា យ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏ក្រាបបង្គំទូលអង្វរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គ ដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់ទទួលសំពត់ថ្មី ១គូ របស់ព្រះនាងមហាបជាបតិគោតមី បពិត្រព្រះអង្គដ៏ចំរើន ព្រះនាងមហាបជាបតិគោតមី ជាអ្នកមានឧបការៈច្រើន ជាព្រះមាតុច្ឆា របស់ព្រះមានព្រះភាគ ជាអ្នកថែរក្សា អ្នកចិញ្ចឹម អ្នកថ្វាយទឹកក្សីរ កាលព្រះមាតាបង្កើតព្រះមានព្រះភាគ ទ្រង់ទិវង្គតទៅ នាងបានបំបៅទឹកដោះ បពិត្រព្រះអង្គដ៏ចំរើន សូម្បីព្រះមានព្រះភាគ ក៏មានឧបការៈច្រើន ដល់ព្រះនាងមហាបជាបតិគោតមីដែរ បពិត្រព្រះអង្គដ៏ចំរើន ព្រោះព្រះនាងមហាបជាបតិគោតមី អាស្រ័យព្រះមានព្រះភាគ ទើបបានដល់នូវព្រះពុទ្ធ ជាទីពឹង បានដល់នូវព្រះធម៌ ជាទីពឹង បានដល់នូវព្រះសង្ឃ ជាទីពឹង បពិត្រព្រះអង្គដ៏ចំរើន ព្រះនាងមហាបជាបតិគោតមី អាស្រ័យព្រះមានព្រះភាគ ទើបជាអ្នកបានវៀរចាកការសម្លាប់សត្វ វៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ វៀរចាកការប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ វៀរចាកការនិយាយកុហក វៀរចាកហេតុ ជាទីតាំងនៃសេចក្តីប្រមាទ គឺការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ