[៧២] លុះព្រះសារីបុត្តមានអាយុ គង់ក្នុងទីសមគួរហើយ អន្យតិរ្ថិយបរិព្វាជកទាំងនោះ ក៏ពោលពាក្យដូច្នេះថា ម្នាលសារីបុត្តមានអាយុ មានសមណព្រាហ្មណ៍ពួកមួយ ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង។ ម្នាលសារីបុត្តមានអាយុ មានសមណព្រាហ្មណ៍ពួកមួយ ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលដទៃធ្វើឲ្យ។ ម្នាលសារីបុត្តមានអាយុ មានសមណព្រាហ្មណ៍ពួកមួយ ជាកម្មវាទ បញ្ញត្តថា ទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផង។ ម្នាលសារីបុត្តមានអាយុ មានសមណព្រាហ្មណ៍ពួកមួយ ជាកម្មវាទ បញ្ញត្តថា ទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយមិនអាស្រ័យហេតុ។ ម្នាលសារីបុត្តមានអាយុ បណ្ហាហេតុទាំង៤នេះ ព្រះសមណគោតម បានពោលដូចម្តេច បានប្រាប់ដូចម្តេច ចុះកាលយើងទាំងឡាយ ព្យាករដូចម្តេច ទើបឈ្មោះថា ជាអ្នកពោលតាមពាក្យដែលព្រះសមណគោតមពោលហើយផង ឈ្មោះថា មិនពោលបង្កាច់ព្រះសមណគោតម ដោយពាក្យមិនពិតផង ឈ្មោះថា ព្យាករនូវធម៌ដ៏សមគួរដល់ធម៌ផង ទាំងលំអានពាក្យបន្តិចបន្តួច ដែលប្រកបដោយធម៌ហើយ ក៏មិនមកកាន់ឋានៈ ដែលបណ្ឌិតគួរតិះដៀលផង។