ភិក្ខុ គួរដើរទៅឲ្យមានព្យាយាម (រារាំងបាប) គួរឈរឲ្យមានព្យាយាម គួរអង្គុយឲ្យមានព្យាយាម គួរដេកឲ្យមានព្យាយាម គួរបត់ចូល (នូវអវយវៈ) ឲ្យមានព្យាយាម គួរលាចេញ (នូវអវយវៈ) ឲ្យមានព្យាយាម ការប្រព្រឹត្តិទៅនៃលោក ក្នុងខាងលើ ក្នុងទីជុំវិញ ក្នុងទិសខាងក្រោមត្រឹមណា ភិក្ខុគួរជាអ្នកពិចារណានូវការកើត និងការរលត់នៃខន្ធទាំងឡាយ ដែលមានការសាបសូន្យជាធម្មតា ត្រឹមណោះ អ្នកប្រាជ្ញទាំងឡាយ បានសរសើរ នូវភិក្ខុអ្នកសម្រេចសម្រាន្តនៅយ៉ាងនេះ មានព្យាយាមដុតកំដៅកិលេស មានការប្រព្រឹត្តិស្ងប់រម្ងាប់ មានចិត្តមិនរាយមាយ សិក្សាឲ្យសមគួរដល់ធម៌ជាគ្រឿងស្ងប់ចិត្ត មានស្មារតីគ្រប់កាលបែបនោះ ថាជាបុគ្គលមានចិត្តស្លុងទៅកាន់ព្រះនិព្វាន។ សូត្រ ទី១២។
[១១៥] ខ្ញុំបានស្តាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ លោក (ទាំងមូល) តថាគត បានត្រាស់ដឹងច្បាស់ហើយ តថាគត ជាបុគ្គលប្រាសចាកលោក ម្នាលភិក្ខុទាំងឡាយ ធម៌ជាគ្រឿងបណ្តាលឲ្យកើតលោក តថាគត បានត្រាស់ដឹងច្បាស់ហើយ ធម៌ជាគ្រឿងបណ្តាលឲ្យកើតលោក តថាគត បានលះបង់ហើយ